(ស្ទឹងត្រែង)៖  លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង រួមនិង លោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត បានចូលរួម ក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង និងបំពាក់មេដាយការងារជូនមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្ត នៅ រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តស្ទឹងត្រែង។

ក្រោយពីការប្រកាសតែងតាំង លោក លៀង សេង ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងថ្មី បានថ្លែងអំណរគុណដល់ ដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តដែលបានផ្តល់សេចក្ដីទុកចិត្ត និងតែងតាំងប្រគល់តួនាទី និងភារកិច្ចជាប្រធានមន្ទីរដល់រូបលោក ។

តបស្នងចំពោះទំនុកចិត្តរបស់ថ្នាក់ដឹកនាំ ប្រធានមន្ទីរថ្មីបានធ្វើការប្ដេជ្ញាចិត្តខិតខំអស់សមត្ថភាពចូលរួមអនុវត្ដតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋា​ភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ។ គោរព និងអនុវត្តតាមភារកិច្ច ដែលក្រសួង និងខេត្ដប្រគល់ឲ្យហើយ និងរក្សាសាមគ្គីភាព សហការ ទំនាក់ទំនងល្អជាមួយមន្ត្រី និងអង្គភាព ស្ថាប័ននានា ជាដើម។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថាការតែងតាំង និងផ្ទេរតំណែងជូន​មន្ត្រីរាជការ គឺជាដំណើរប្រព្រឹត្តិជាធម្មតានៃការគ្រប់គ្រង និងដឹកនាំរបស់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ស្របទៅតាមតម្រូវការចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើននៃសមត្ថភាពមន្ត្រីរាជការបន្តវេន និងការរីកចម្រើននៃសេដ្ឋកិច្ច ទៅតាមដំណាក់កាលនីមួយៗ។

លោក រដ្ឋមន្ត្រី បានណែនាំនូវចំណុចមួយចំនួនសម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ គួរប្រកាន់យកដើម្បីជាថ្នាក់ដឹកនាំល្អ ជាគំរូនៃមន្ត្រីថ្នាក់ក្រោម រួមមាន៖  គោរពនិងស្មោះត្រង់អនុវត្ត​តាមគោលនយោបាយ​របស់​រាជរដ្ឋាភិបាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោមដោយផ្តល់យុត្តិធម៌ និងកិត្តិយស ការលើកទឹកចិត្ត និងផ្តល់​រង្វាន់​ដោយ​ភាពសុក្រិត។ បន្ថែមលើនេះ ត្រូវប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវចេះរកការងារឲ្យមន្ត្រីធ្វើ មិនលាបពណ៌គ្នា ហើយនិង​មិនធ្វើជាខ្នងបង្អែក​ឲ្យឈ្មួញខិលខូច ឬបក្សពួកខ្លួន ។

គួរបញ្ជាក់ថា សម្រាប់ប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធនៃខេត្ត និងការណែនាំរបស់គណៈអភិបាលខេត្ត ក្នុងការបំពេញភារកិច្ចជួយដល់កសិករ ជាអាទិ៍៖
- ចុះដល់មូលដ្ឋាន​ជំរុញការងារបង្កបង្កើនផល និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ។ ត្រៀមអន្តរាគមន៍ជួយកសិករ ដោយផ្តល់សេវា និងសម្ភារៈកសិកម្មប្រកបដោយប្រសិទ្ធភាព។
- ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការនាំចូលសត្វ និងសាច់សត្វខូចគុណភាព និងខុសច្បាប់ ក៏ដូចជាសំភារៈកសិកម្ម ។
- ត្រូវរៀបចំថវិកា និងមន្ត្រីគ្រប់គ្រាន់សម្រាប់អន្តរាគមន៍ជួយកសិករ។
- ត្រូវខិតខំផ្តល់សេវា និងរចនាសម្ព័ន្ធចាំបាច់ជូនប្រជាកសិករ និងជួយគិតគូអំពីទីផ្សារជូនកសិករ ដោយបំផុសគំនិតការធ្វើកសិកម្មចម្រុះ នៅក្នុងសហគមន៍កសិកម្ម។
- ត្រូវខិតខំរៀបចំថវិកាកម្មវិធីពេញលេញ សម្រាប់អនុវត្តផែនការសកម្មភាពក្រសួងឆ្នាំ២០១៧។
- ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីរត្រូវគោរពតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំពូកទី៥ ពីមាត្រា ៣៣ ដល់មាត្រា ៣៨ ។
- ការិយាល័យជំនាញអនុវត្តភារកិច្ចដោយទទួលខុសត្រូវ និងតាមឋានានុក្រមនៃដំណើរប្រព្រឹត្តិទៅរបស់មន្ទីរ ៕