(ភ្នំពេញ)៖ ជាការពិតវិស័យសិល្បៈ ដែលទទួលបានភាពលេចធ្លោជាងគេ និងពេញនិយមសម្រាប់យុវវ័យ​ គឺវិស័យចម្រៀងសម័យ និង​​ភាពយន្ត ប៉ុន្តែបើក្រឡេកមកមើល​ផ្នែកសិល្បៈបុរាណ មានដូចជា អាយ៉ៃ យីកេ ល្ខោនបាសាក់ ហាក់បីដូចជាមិនសូវផុសផុលប៉ុន្មានឡើយ ។ យ៉ាងណាមិញ បើគេនិយាយ​ពីសិល្បៈនៃចម្រៀងស្មូត ក៏មិនសូវមានការគាំទ្រ ភ្លូកទឹកភ្លូកដីនោះដែរ សម្រាប់យុវវ័យ ប៉ុន្តែបើ​និយាយ​ក្នុងចំណោមមនុស្សចាស់ ឬអ្នកដែលមាននិស័យទៅលើព្រះធម៌ ឬព្រះពុទ្ធសាសនា គឺថា អ្នកដែលមានទេពកោសល្យស្មូត គឺពិតជាទទួលបានការពេញចិត្ត ពេញនិយម ហើយក៏ជាចំណែកមួយ បានចូលរួមគាំទ្រវិស័យព្រះពុទ្ធសាសនាខ្មែរ ផងដែរ។

សិល្បការិនីផ្នែកស្មូត កញ្ញា ភឿន ស្រីពៅ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកជំនាញផ្នែកស្មូត​ដ៏ប៉ិនប្រសប់ និងសំនៀងពី​រោះរណ្តំចិត្ត​ ហើយនាងក៏មាន អាជីវកម្មលើ​ផ្នែកសេវាកម្ម ពិធី​បុណ្យផ្សេងៗ រហូតទទួលបានការគាំទ្រច្រើន ពីមហា​ជន ហើយការងាររបស់នាង ត្រូវបានគេចាត់ទុកថា បាននឹងកំពុងចូលរួមចំណែកដ៏សំខាន់ ក្នុងការបម្រើដល់ វិស័យពុទ្ធសាសនា យ៉ាងខ្ជាប់ខ្ជួន។ ស្រីពៅស្មូត បានបង្ហាញមហិច្ឆតារបស់ខ្លួន ចង់ប្រែក្លាយទំនោរចិត្តរបស់យុវវ័យ ពីការខ្លាចរអា ចម្រៀងស្មូត ឲ្យមកចូលចិត្ត និងហាត់រៀនជំនាញស្មូតនេះ ឲ្យបាន​ច្រើនកុះករ ព្រោះជាការចូលរួមចំណែក​យ៉ាងខ្លាំងក្លា ក្នុងវិស័យព្រះពុទ្ធសាសនាខ្មែរ។

តារាស្មូតដែលមានសំឡេងក្រអួនក្រអៅ កញ្ញា ភឿន ស្រីពៅ ​បានវិវត្តន៍ ខ្លួនពីអ្នកជំនាញស្មូត ក្លាយជាម្ចាស់ក្រុមហ៊ុនលើផ្នែកសេវារៀបចំ ពិធីបុណ្យទាន​​ផ្សេងៗ ផ្តោតកិច្ចការវិស័យពុទ្ធសាសនា។ ​ស្រី​ពៅ បាន​ឲ្យដឹង​ថា សព្វថ្ងៃនេះក្រុមហ៊ុនផ្តល់សេវារៀបចំ ពិធីបុណ្យទានរបស់ «ស្រីពៅស្មូត» នៅតែមានសភាពមមាញឹកគ្រប់ទីកន្លែង ក្នុងការដើររៀបចំពិធីបុណ្យ ជូនបណ្តាអតិថិជនក៏ដូចជា ឯកឧត្តម លោកជំទាវ លោកតា លោកយាយ ដូចពីមុនដដែល។ អ្នកស្មូតដ៏មានប្រជាប្រិយរូបនេះ បន្តថា នាងចង់ចូលរួម ចំណែកឲ្យវិស័យពុទ្ធសាសនា នៅប្រទេសកម្ពុជារីក​ចម្រើន ជាមួយវិស័យផ្សេងៗទៀត ហើយបើទោះបីជាពេលនេះ នាងសង្កេតឃើញថា ចំពោះសេវាកម្មផ្នែករៀបចំ ពិធីបុណ្យ គឺចាប់ផ្តើមមានក្រុមហ៊ុនផ្សេងៗ គេរៀបចំបង្កើតឲ្យមាននៅលើទីផ្សារ បន្តបន្ទាប់គ្នា​ក្នុងឯកសណ្ឋាន ប្រហាក់ប្រហែលគ្នាក៏ដោយ។

​ស្រី​ពៅ បន្តថា នាងកាន់តែរំភើប ហើយមានមោទភាពចំពោះខ្លួនឯង ដែលចេះរៀបចំការងារ ផ្នែកសេវារៀបចំពិធីបុណ្យមុនគេ ហើយមានការចាប់អារម្មណ៍ ពីបងប្អូនយើង រហូតមានការបង្កើត​មុខរបរ​ប្រហែលគ្នា ដែលនេះជាការរួមគ្នាលើកស្ទួយវិស័យពុទ្ធសាសនា ទាំងអស់​គ្នា។ ​ការធ្វើបែបនេះ ហាក់ដូចជាជួយគ្នាបង្ហាញអ្វី ដែលយើងមានបែបពុទ្ធសាសនា ដល់ប្រជាជនយើងបានជ្រាប ចេះដឹង​យល់ឃើញ ពិសេសយុវជនជំនាន់ក្រោយ ដូចជាយល់ពីសារៈសំខាន់ នៃការស្មូតជាដើម។ ​ក្រុមហ៊ុន «ស្រីពៅ​ស្មូត» របស់នាងនៅ​តែមាន​ការលេចធ្លោ លើផ្នែកសេវារៀបចំកម្មវិធីបុណ្យ និងផ្គត់ផ្គង់​សម្ភារៈបុណ្យ ពីមុនបែបណា ឥឡូវនេះ គឺរិតតែមមាញឹកខ្លាំង ស្ទើរតែមិននឹកស្មានថា មាមីងបងប្អូនគ្រប់ស្រទាប់វណ្ណៈ នៅតែអញ្ជើញមកជឿទុកចិត្ត លើសេវាកម្មរបស់ក្រុមហ៊ុនរបស់នាង ហើយក្រុមការងារ ទាំងអស់គ្នា សុទ្ធតែរៀនសូត្រពីគ្រូជំនាញៗ តាំងពីការនិយាយស្តី សុជីវធម៌ផ្សេងៗ សូម្បីតែលោកតាអាចារ្យ ក៏មានភាពជំនាញយ៉ាងពិតប្រាកដ អត់ឲ្យខុសក្បួនបុរាណខ្មែរឡើយ រហូតទទួលបានការសរសើរ មិនដាច់ពីមាត់ពីមហាជន។

តារាស្មូត ដែលកំពុងល្បីល្បាញខ្លាំង ក្នុងផ្នែកសិល្បៈបុរាណរូបនេះ​បន្តថា ​ចំណុចខ្លាំងរបស់ក្រុមរបស់នាង ពេញនិយម គឺយើងទាំងអស់គ្នា ខំធ្វើការដែលកើតចេញពីចិត្ត ដោយធ្វើយ៉ាងណា​ឲ្យអ្នក​មានសុទ្ធា ក្នុងការប្រារព្ធកម្មវិធីបុណ្យ មិនឲ្យគាត់មានការនឿយហត់លំបាក ក្នុងការរៀបចំចាត់ចែងឡើយ គ្រាន់តែមានគម្រោង រួចពិភាក្សាជាមួយក្រុមហ៊ុន នោះចំណាយពេលវេលាតិច ថវិកាសមរម្យ និងមានអារម្មណ៍ល្អ តាំងពីក្នុងពេលកម្មវិធីបុណ្យ និងក្រោយពេលបុណ្យ ក៏នៅតែរីករាយដូចគ្នា។ មូលហេតុមួយទៀត ចំពោះការងារផ្នែកនេះ នៅតែចាប់អារម្មណ៍របស់បងប្អូនខ្មែរ ព្រោះទាក់ទង នឹងជំនឿសាសនាវប្បធម៌ប្រពៃណីសិល្បៈ គឺផ្សារភ្ជាប់ទាំងអស់តែម្តងក្នុងការ រស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

អ្នកស្ថាបនិកប្រចាំក្រុមហ៊ុន «ស្រីពៅស្មូត» បានតាំងចិត្តយ៉ាងមុតមាំថា នឹងព្យាយាមប្រើវិធីស្មូតរបស់ខ្មែរយើង ឲ្យមានភាពលេចធ្លោគួរជាទីចាប់អារម្មណ៍ លើសិល្បៈ ស្មូតដែលជាជំនាញរបស់នាង ដោយ​ខំផ្សព្វផ្សាយ ដល់អ្នកស្តាប់ទាំងឡាយផងដែរ។ ការធ្វើនេះចង់ឲ្យប្រែពីការខ្លាច ទៅជាការចូល​ចិត្ត ក្នុងព្រះធម៌បទ និងចង់ឲ្យយុវវ័យចាប់អារម្មណ៍ ហើយមកសិក្សារៀនសូត្រ ពីរបៀបស្មូតមួយនេះ ឲ្យ​បាន​កុះករ ដើម្បីឲ្យព្រះធម៌បទមានភាពពេញនិយម សារជាថ្មី។ គោលដៅ របស់​កញ្ញាស្រីពៅ មានដាក់ទិសដៅកំណត់ច្បាស់ថា រាល់ពេលនាងចេញស្មូត ហើយពុទ្ធបរិស័ទ​ផ្តល់ថវិកាតាមសុទ្ធារៀង​ៗខ្លួន នាងនឹង​យកប្រាក់ទាំង​នោះ​ ប្រគល់ជូនផ្នែកមនុស្សធម៌ និងជួយដល់មន្ទីរពេទ្យ ឬជួយផ្នែកសង្គម​ និងជនក្រីក្រជាដើម៕