(ហួស្តុន)៖ មនុស្ស ០៤នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បន្ទាប់ពីយន្តហោះខ្នាតតូច របស់ពួកគេបានធ្លាក់នៅក្នុងទីក្រុងហួស្តុន រដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ដោយសារតែ គាំងម៉ាស៊ីន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០១៦។

យន្តហោះខាងលើនេះ ជាប្រភេទធុនតូចដឹកអ្នកដំណើរក្នុងតំបន់ បានចាកចេញពីភាគខាងលិច ទីក្រុងហួស្តុន នៃរដ្ឋតិចសាស់ ហើយក៏បានជួបគ្រោះថ្នាក់ធ្លាក់ និងឆេះខ្ទេចបន្ទាប់ពីទើបហោះឡើងបានបន្តិចប៉ុណ្ណោះ។ វាបានធ្លាក់ទៅលើគុម្ពោធព្រៃមួយ នៅក្បែរតំបន់លំនៅដ្ឋានរបស់ប្រជាជនផងដែរ។

គួរបញ្ជាក់ថា អំឡុងខែមិថុនានិងកក្កដានេះ មានរឿងរ៉ាវជាច្រើនបានកើតឡើងនៅរដ្ឋតិចសាស់ ដូចជាការបាញ់ប្រហារក្នុងក្លឹបមនុស្សភេទទីបីបណ្តាលឲ្យស្លាប់មនុស្សជាង ៥០នាក់នៅទីក្រុង Orlando និង ថ្មីៗនេះគឺ ខ្មាន់កាំភ្លើងបានវាយប្រហារទីក្រុង Dallas នៅក្នុងរដ្ឋដដែលនេះបណ្តាលឲ្យប៉ូលិស ០៥នាក់ស្លាប់ បន្ថែមទៀត៕