(កំពង់ចាម)៖ កញ្ញា ធី សុវណ្ណថា សកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋជាង១២០០នាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម អស់ជំនឿលើគណបក្សសង្រ្គោះជាតិហើយ។ ការអះអាងរបស់កញ្ញា ធី សុវណ្ណថា នេះបានធ្វើឡើងខណៈដែលកញ្ញា ចូលរួមនៅក្នុងវេទិកាសាធារណៈជាមួយ ប្រជាពលរដ្ឋ១២០០នាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦។ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅក្នុងវីដេអូឃ្លីប របស់កញ្ញា ដែលមានរយៈពេលជាង៤នាទី និងបានបង្ហោះឲ្យដឹងជាសាធារណៈ នៅ Facebook Page ផ្លូវការរបស់កញ្ញា នៅមុននេះបន្តិច។

ក្រៅពីការបញ្ជាក់ថា ប្រជាពលរដ្ឋជាង១២០០នាក់ នៅខេត្តកំពង់ចាម អស់ជំនឿលើគណបក្សសង្រ្គោះជាតិនេះ កញ្ញា ធី សុវណ្ណថា ក៏បានលើកឡើង ពីការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានផ្សាយព័ត៌មានមិនពិត និងបរិហាកេរ្តិ៍ពីសកម្មភាពបើកវេទិការបស់កញ្ញា នាពេលកន្លងមក។

ថ្លែងនៅក្នុងវេទិកាមួយ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា បានប្រកាសថា នាងដាក់ពាក្យបណ្តឹងដើម្បី ប្តឹងវិទ្យុអាស៊ីសេរី នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះពីបទផ្សាយព័ត៌មានមិនពិត និងផ្សាយបរិហារកេរ្តិ៍។

សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កញ្ញា ធី សុវណ្ណថា សកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិរូបនេះ បានរៀបចំវេទិកាសាធារណៈនៅតាមបណ្តាខេត្ត ជាច្រើនដើម្បីជួបជុំសំណេះសំណាល​ ជាមួយប្រជាបលរដ្ឋ និង ជានិច្ចកាល កញ្ញា បានលើកឡើងពីករណីរបស់លោក កឹម សុខា អនុប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ប្រាប់ទៅប្រជាបលរដ្ឋផងដែរ ជាការឆ្លើយតបពីប្រជាពលរដ្ឋភាគច្រើន បានអស់ជំនឿលើការដឹកនាំគណបក្សសង្រ្គោះជាតិ តទៅទៀតហើយ៕