(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួន នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើសកម្មភាព គាស់តូបអាជីករលក់ទូរស័ព្ទ នៅហាងលក់ទូរស័ព្ទ ទ្រី សុខជា ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ ភូមិ៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន យកអស់ជិត១០០គ្រឿង ដែលមានតម្លៃប្រមាណ២មឺុនដុល្លារ។

ក្រោយពេលចាប់ខ្លួនកម្លាំងនគរបាលបាន ដកហូតយកបានទូរស័ព្ទបាន៥៣គ្រឿងមកវិញ។

លោក ហ៊ាង ថារ៉េត អធិការរងទទួលផែនព្រហ្មទណ្ឌ ខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ង៉ែត អាយុ២៧ឆ្នាំ បានធ្វើសកម្មភាពគាស់តូបអាជីវករ តាមបណ្ដោយផ្លូវ១៦៣ ភូមិ៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដែលមានម្ចាស់ឈ្មោះ ទ្រី សុខជា អាយុ២៩ឆ្នាំ។

លោក បានបន្ដថា ដោយមានការស្រាវជ្រាវដោយយកចិត្តទុកដាក់ ទើបកម្លាំងរបស់លោកកំណត់ មុខសញ្ញាបាន ហើយឈានដល់ការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យបានយកទូរស័ព្ទដែលលួចបាននេះ ទៅផ្ញើរតាមឡានតាក់ស៊ីទៅស្រុកដងទង់ ដែលជាស្រុកកំណើត។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យត្រូវបាននាំខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯទូរស័ព្ទសមត្ថកិច្ច បានសហការជាមួយកម្លាំងស្នងការដ្ឋាន ខេត្តកំពត់ ដើម្បីយកមកប្រគល់ជូនជនរងគ្រោះវិញ៕