(កំពង់ស្ពឺ)៖ លោកឧត្តសេនីយ៏ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួរនាទី និងភារកិច្ចរបស់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ក្នុងខេត្ត។ កិច្ចប្រជុំនេះ ក៏មានការចូលរួម មេបញ្ជាការកងរាជអាវុធហត្ថ ក្រុង ស្រុក ស្នាក់ការសន្ដិសុខ មន្ទីរជំនាញចំណុះ​ទាំងអស់ផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ ធ្វើឡើងក្នុងគោលបំណង ពង្រឹងការដឹកនាំជារួមផ្នែក ការងារបង្កា បង្ក្រាប សង្គ្រោះ ការពារសន្ដិសុខសុវត្ថិភាពសង្គម និងចូលរួមសហការឲ្យបានល្អ ជាមួយសមត្ថកិច្ចតាមមូលដ្ឋាន។ ឆ្លងតាមការលើកឡើងរបស់អង្គភាពពាក់ពន្ធ័ ត្រូវបានសង្កេតឃើញថាឆមាសទី ១នេះ កងរាជអាវុធហត្ថខេត្ត ទទួលបានជោគជ័យជាច្រើនចំណុច ព្រមទាំង កាត់បន្ថយរាល់បទល្មើសនានា សហការបង្ក្រាប សហការពង្រឹងការអនុវត្តច្បាប់តាមមូលដ្ឋាន ចូលរួមជាប្រចាំការងារមនុស្សធម៌ ជួយប្រជាពលរដ្ឋ ដែលជួបការលំបាកទីទាល់ក្រ បន្ដពីភារកិច្ចជាកងកម្លាំង។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលើកឡើង នៅចំណុចសំខាន់ៗដល់នាយទាហាន នាយទាហានរងថា បើទោះបីអង្គភាពនានា ពិតជាបានដឹកនាំប្រកបឆន្ទះការពារ សន្តិសុខ ការពារសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋមែន តែក៏នៅមានការខ្វះចន្លោះដែលទាមទាឲ្យយើងអនុវត្តបន្ថែម ក្នុងនោះត្រូវបន្តរឹតបន្តឹង​ការងារសណ្តាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋ ត្រូវបន្តសកម្មភាពមនុស្សធម៌ជាប្រចាំ ដើម្បីកសាងទំនុកចិត្តដល់ពលរដ្ឋ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យល្អជាប្រចាំ។

លោកមេបញ្ជាការបានបន្តថា ចំពោះមន្ទីរជំនាញទាំងអស់ ត្រូវឆ្លើយតបឲ្យទាន់ពេលវេ លានៅពេលមានបទល្មើសកើតឡើង តាមមូលដ្ឋាន សហការពេលចេញប្រតិបត្តិការ ជៀសវាងការស្ពឹកស្រពន់ ដែលបណ្តាលឲ្យបាត់បង់ទំនុកចិត្តពីពលរដ្ឋ ហើយត្រូវធ្វើគំរូល្អ ក្នុងនាមយើងជាមន្ត្រីអនុវត្តច្បាប់កុំឲ្យមហាជននានាមិនសប្បាយចិត្តក្នុងពេលយើងអនុវត្ត។  ជាចុងក្រោយ លោកបានផ្ដាំផ្ញើរទៅមេបញ្ជាការ ក្រុង ស្រុក ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ដល់កងកម្លាំងក្នុងអង្គភាព ទាំងការហូបចុក សម្លៀកបំពាក់ ការរស់នៅ ការព្យាបាល និងថែទាំសុខភាពដល់កងកម្លាំងក្រោមឱវាទជាប្រចាំ ហើយបំផុសស្មារតីក្នុងចលនាប្រឡងប្រណាំងអង្គភាពនីមួយៗ ត្រូវកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងអង្គភាពរបស់ខ្លួនគ្រប់គ្រង ឲ្យបានប្រសើរជារៀងរាល់ឆ្នាំ៕