(វ៉ាស៊ីនតោន)៖ មន្ត្រីប៉ូលិស៤នាក់បានស្លាប់ និង១១នាក់ផ្សេងទៀត បានរងការបាញ់ប្រហារ បន្ទាប់ពី​មាន​ការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ារើសអើងពូជសាសន៍ និង​ប៉ូលិសប្រចាំ Downtown មួយក្នុងទីក្រុង Dallas រដ្ឋ​តិចសាស។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន CNN ចេញផ្សាយនៅមុននេះបន្តិច។

លោក David Brown មេប៉ូលិសប្រចាំទីក្រុង Dallas បានឲ្យដឹងថា មន្ត្រីប៉ូលិស ៤នាក់បានស្លាប់ និង​១១នាក់​បានរងរបួស នៅក្នុងហេតុការណ៍ ប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ ហើយក្នុងនោះ​ក្រុមបាតុករ​ បានប្រើ​កាំភ្លើង Sniper បាញ់ប្រហារមកដល់ក្រុមប៉ូលិស។

មកដល់ពេលនេះ​ អាជ្ញាធរនៅមិនទាន់ចាប់ខ្លួន បានជនសង្ស័យណាមួយឡើយ ប៉ុន្តែនៅពេលនេះ​ក្រុមជំនាញ​កំពុងស្វែងរកបុរសម្នាក់ (រូបខាងក្រោម) ដែលជាជនសង្ស័យធំ ព្រោះនៅក្នុងអំឡុងពេលធ្វើបាតុកម្ម បុរសម្នាក់​នេះ មានកាំភ្លើងនៅជាប់នឹងខ្លួន។

គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចនេះ ត្រូវបានធ្វើឡើងក្រោយពេល ដែលប៉ូលិសបាន​បាញ់សម្លាប់​បុរសស្បែក​ខ្មៅ​មួយរូប មានឈ្មោះថា Philando Castile វ័យ ៣២ឆ្នាំ នៅក្បែរផ្លូវ St. Paul ក្នុងរដ្ឋ Minnesota នៅថ្ងៃពុធកន្លងទៅនេះ ដែល​សកម្មភាពនៃការបាញ់សម្លាប់បុរសស្បែកខ្មៅនេះ ត្រូវបានថត និងបង្ហោះដោយ​​មិត្តស្រីគេផ្ទាល់ទៅកាន់បណ្ដាញអ៉ីនធើណេត ទើបនាំឲ្យមានការធ្វើបាតុកម្មទាក់ទងនឹង រឿងរើសអើងពូជសាសន៍៕