(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុប​ចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។

បើតាមលោក អ៉ិត សំហេង បានគូសបញ្ជាក់ថា សម្តេចតេជោ បានអញ្ជើញប្រគល់វិញ្ញា​បន​បត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថាននេះចំនួនពីរលើក​រួចមក​ហើយ។ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០២ និងលើកទី២ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៦។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ ត្រូវបានបង្កើតឡើងក្នុង​ឆ្នាំ​១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទ​ក្រសួង​ពាណិជ្ជកម្ម។ នៅឆ្នាំ១៩៨៥ ត្រូវបានប្ដូរឈ្មោះមកជាសាលាមធ្យម​សិក្សា​ឯក​ទេសពាណិជ្ជកម្ម។ នៅឆ្នាំ១៩៩៤ ត្រូវបានផ្ទេរមកនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ហើយនៅឆ្នាំ២០០១ បានប្តូរឈ្មោះមកជា វិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ដ្រ។

ចាប់ពីឆ្នាំ២០០៤ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ត្រូវបានផ្ទេរមកស្ថិតនៅក្រោម​ការ​គ្រប់​គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថាននេះ មានភារកិច្ច​បណ្តុះ​បណ្តាលសិក្ខាកាម សិស្ស និស្សិត លើផ្នែកធុរកិច្ច និងសេវាកម្ម ចាប់ពីរយៈពេលខ្លី រហូត​ដល់រយៈពេលវែង ទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋ និងនិស្សិតបង់ថ្លៃសិក្សា។

វិទ្យាស្ថានមានគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងបុគ្គលិកខ្មែរ-បរទេសជាប់កិច្ចសន្យា សរុបចំនួន ១៤៥នាក់ ស្រី ៣៧នាក់ ដែលក្នុងនោះមានកម្រិតថ្នាក់បណ្ឌិតចំនួន​០៣នាក់ ស្រី ១នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន​​ ៩០នាក់ ស្រី ១៧នាក់ កម្រិតថ្នាក់​បរិញ្ញាបត្រ/វិស្វករ ចំនួន ២២នាក់ ស្រី ៦នាក់ និងកម្រិតក្រោមបរិញ្ញាបត្រ ចំនួន ៣០នាក់ ស្រី១៣នាក់។

ចាប់តាំងពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន វិទ្យាស្ថានបានបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត បានសរុបចំនួន ២៣,៨៨៣នាក់ នារី ១០,១៦៣នាក់។ ក្នុងនោះមាននិស្សិត​អាហារូបករណ៍​របស់សម្តេចតេជោមានចំនួន ៨៣០នាក់។ សិស្ស និស្សិតកំពុងសិក្សាមានសរុបចំនួន ៥,០៦១នាក់ នារី ៣,៤៦៨នាក់។

បើតាមលោករដ្ឋមន្ត្រី សិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារធ្វើ ៩៩,៣៦ភាគរយ។

លោក អ៉ិត សំហេង បានឱ្យដែរថា វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ជាគ្រឹះស្ថានអប់រំមួយ ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាព​អប់រំបណ្ដុះបណ្ដាល​ និងគុណភាពគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈវិញ្ញា​បន​បត្រ​ទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាព​អប់​រំ​នៃកម្ពុជា (ACC), វិញ្ញាបនបត្រធានាគុណភាពគ្រឹះស្ថានអប់រំបណ្ដុះ​បណ្ដាលច្ចេក​ទេស និងវិជ្ជាជីវៈ ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិញ្ញាបនបត្រ ISO 9001:2015។

លោក អ៉ិត សំហេង បានគូសរំលេចដែរថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជា​ជីវៈ គឺជាវិស័យអាទិភាពមួយនៃកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាលក្នុងការវិនិយោគ​អភិវឌ្ឍធនធានមនុស្ស។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញ​វិស័យ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយសហការជាមួយក្រសួង ស្ថាប័ន ដៃ​គូ​អភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ទទួលបានលទ្ធផលគួរកត់​សម្គាល់។

ការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ បានធ្វើឱ្យប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ បច្ចុប្បន្នមានគ្រឹះស្ថានសិក្សា​សរុប​ចំនួន ៣២៥ ក្នុងនោះគ្រឹះស្ថានរដ្ឋក្រោមឱវាទមានចំនួន៣៧ ដែលមានអគារចំនួន ១៩៧, បន្ទប់សិក្សាចំនួន ៧០៤, រោងជាង/បន្ទប់ពិសោធន៍ចំនួន ២៣៥, និងអន្តេរវា​សិកដ្ឋាន​ចំនួន ៣៧ ក្នុងនោះគ្រឹះស្ថានសិក្សាចំនួន៣១ បានទទួលវិញ្ញាបនបត្រប្រព័ន្ធ​គ្រប់គ្រងគុណភាពស្តង់ដាអន្តរជាតិ ISO 9001:2015។ ចាប់ពីឆ្នាំ២០១៨-២០២២ បានបណ្តុះបណ្តាលជំនាញប្រមាណ ៣០ម៉ឺននាក់ ក្នុងនោះកម្រិតសញ្ញាបត្រ​បច្ចេក​ទេស និងវិជ្ជាជីវៈ១, ២, ៣(C1,C2,C3) ប្រមាណ ៥ម៉ឺននាក់, សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស/ឯកទេសប្រមាណ ៣ម៉ឺននាក់ និងចាប់ពីបរិញ្ញាបត្របច្ចេក​ទេស/ឯក​ទេស​/វិស្វករ ប្រមាណ ៣ម៉ឺននាក់ និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីប្រមាណ ១៧​ម៉ឺន​នាក់។

ក្រសួងបានបន្តជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងបានប្រមាណ ១៣ម៉ឺននាក់ និងធ្វើតេស្តទទួលស្គាល់ការសិក្សាពីមុនចំនួន ១,៣៥០នាក់៕