(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ក្រុមហ៊ុន CamGSM PLC ដែលគេស្គាល់ថា ជាក្រុមហ៊ុនទូរគមនាគមន៍ Cellcard របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនរបស់ខ្មែរ។

ផ្សារមូលបត្រកម្ពុជាបញ្ជាក់ថា ខ្លួនបានសម្រេច ឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផ្សារមូលបត្រកម្ពុជាបាន ក្រុមហ៊ុន Cellcard ត្រូវតែទទួលបានការអនុញ្ញាតឲ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផ្សារមូលបត្រកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនទីពីរ ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាក្រុមហ៊ុនទីប្រាំបួន ដែលគ្រោងនឹងចុះបញ្ជីនៅទីផ្សារគោលរបស់ ផ្សារមូលបត្រកម្ពុជាផងដែរ។

គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Cellcard ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដែលផ្តល់សេវា ទូរគមនាគមន៍ឈានមុខមួយ ក្នុងប្រទេសកម្ពុជា រួមមានផ្នែកដំឡើង និងដំណើរការឧបករណ៍ និងគ្រឿងចក្រទាំងអស់ ដែលប្រើប្រាស់ពាក់ព័ន្ធនឹងប្រតិបត្តិការនៃបណ្ដាញទូរស័ព្ទចល័ត GSM ។

បច្ចុប្បន្នក្រុមហ៊ុនមានហាងលក់រាយចំនួន ៥២ទីតាំង បណ្ដាញចែកចាយចំនួន ២៩ ០០ទីតាំង និងមានទីតាំង Cell Site គ្របដណ្តប់ទូទាំងប្រទេសចំនួនប្រមាណជា ៣០០០ កន្លែង៕