(ភ្នំពេញ)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប កុំជឿតាមការញុះញង់របស់មេខ្យល់មួយចំនួន ដែលនាំឲ្យធ្លាក់ខ្លួនប្រព្រឹត្ដអំពើខុសច្បាប់ ដោយមិនដឹងខ្លួន​ ពិសេសពាក់ព័ន្ធរឿងដីធ្លីតែម្ដង។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោកអភិបាលខេត្ត បានអះអាងថា ស្របពេលដែលកម្ពុជាជិតរៀបចំការបោះឆ្នោតនោះ មេខ្យល់ទាំងនោះតែងធ្វើសកម្មភាពញុះញង់ ប្រជាពលរដ្ឋឲ្យតវ៉ារឿងរ៉ាវដីធ្លី គ្រាដែលអាជ្ញាធរកំពុងបន្ដខិតខំដោះស្រាយសម្រប​សម្រួល។

ការចេញមកអំពាវនាវបែបនេះ របស់លោក ទៀ សីហា បន្ទាប់ពីថ្មីៗនេះ មានប្រជាពលរដ្ឋរស់នៅឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង បាននាំគ្នាមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ ដោយអះអាងថា អាជ្ញាធរមិនចុះបញ្ជីដីធ្លីជូនពួកគាត់។ ក្នុងចំណោមអ្នកដែលមកដាក់ញត្តិនេះ មានប្រមាណ៦នាក់ ជាមុខសញ្ញាញុះញង់ ដែលអាជ្ញាធរកំណត់បាន។

លោក ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា «ដល់រដូវការបោះឆ្នោតសហគមន៍ដែលតវ៉ា គួបផ្សំមេខ្យល់មួយចំនួនបានធ្វើចលនាញុះញង់ ពេលខ្លះប្រជាពលរដ្ឋរស់នៅស្រុះស្រួលគ្នាហើយ ថ្វីត្បិតមិនបានចុះបញ្ជីដីធ្លី តាមបទដ្ឋានគតិយុត្តផ្សេងៗ ប៉ុន្ដែពេលជិតបោះឆ្នោតមេខ្យល់នឹងទៅរកពួកគាត់។ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំជឿជាក់លើមេខ្យល់ ដែលរុញឲ្យធ្វើសកម្មភាពខុសច្បាប់ ខុសមនសិកាខ្លួនឯង»

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ករណីប្រជាពលរដ្ឋរស់នៅព្រំប្រទល់ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង តែងធ្វើសកម្មភាពតវ៉ាជារឿយៗ ពាក់ព័ន្ធការចុះបញ្ជីដីធ្លី គ្រាដែលដីទាំងនោះកំពុងមានបញ្ហា ហើយអាជ្ញាធរខេត្តបានព្យាយាម សម្របសម្រួលជាបន្ដបន្ទាប់។ ករណីវិវាទនេះទៀតសោត រវាងប្រជាជន និងប្រជាជន មិនមែនប្រជាជន ជាមួយរដ្ឋនោះទេ។

បន្ថែមពីនេះ លោក ទៀ សីហា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភរឿងបាត់បង់ដីធ្លីរបស់ខ្លួន បើទោះបីមិនទាន់បានចុះបញ្ជីតាមបទដ្ឋានច្បាប់យ៉ាងណាក្ដី។ កាលដែលលោកហ៊ាននិយាយថា កុំឲ្យប្រជាពលរដ្ឋព្រួយបារម្ភរឿងបាត់បង់ដីធ្លីនេះ ដោយសារអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច បានធ្វើការទប់ស្កាត់ការទន្ទ្រាន និងការដកបង្គោលព្រំដីរបស់ភាគីនីមួយៗ។

គួរជម្រាបថា ពាក់ព័ន្ធការងារចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធរយៈពេល៥ឆ្នាំ ខេត្តសៀមរាប បានចេញប័ណ្ណកម្មសិទ្ធបានចំនួនសរុប ៤៨,៤៧៦ប័ណ្ណ ដែលអនុវត្តនៅក្រុង-ស្រុកចំនួន០៦ លើក្រុង-ស្រុកទាំង ១២ទូទាំងខេត្ត។

គិតតាំងពីចាប់ផ្តើមអនុវត្តឆ្នាំ២០០៤ មកទល់ពេលនេះ ខេត្តបានចុះបញ្ជីបានចំនួន ១៥២,២៩១ក្បាលដី នៃភូមិ១៦៧ភូមិ បានចេញប័ណ្ណ ៨១,៦៤៤ប័ណ្ណ នៃភូមិ ៨៧ភូមិ នៅសល់ ៧០,៦៤៧ក្បាលដី ដោយសារព្រំប្រទល់កំណត់តំបន់១ និងតំបន់២ នៃអាជ្ញាធរបឹងទន្លេសាប មិនទាន់ច្បាស់លាស់ និងមួយចំនួនទៀតដោយសារក្រោយបិទផ្សាយ មានបណ្តឹងតវ៉ានិងមិនទាន់ដោះស្រាយរួច៕