(សៀមរាប)៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជារួមគ្នាការពារសន្តិភាព និងសមិទ្ធផលដែលបានកសាងដូចពេលបច្ចុប្បន្ន ទោះក្នុងតម្លៃណាក៏ដោយក៏ត្រូវការពារឱ្យបានដាច់ខាត ដើម្បីកុំឱ្យកូនចៅយើងវេទនាដូចប្រជាជនជំនាន់មុន។

នាយឧត្តមសេនីយ៍ថ្លែងយ៉ាងដូច្នេះក្នុងពិធីបំពាក់ឋានន្តរស័ក្កិជូនដល់នាយទាហាន ក្នុងនាមតំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅអគាររដ្ឋបាលមណ្ឌល។

លោកបានបញ្ជាក់ថា សម្ដេចតេជោបានដាក់គោលនយោបាយឈ្នះឈ្នះដើម្បីបង្រួបបង្រួមជាតិ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដូចនេះបានយើងចាត់ទុកថា ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញ។ យើងត្រូវតែអរគុណសន្តិភាព, អរគុណនយោបាយឈ្នះឈ្នះ និងដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

លោក មាស សាវ៉ន បានបញ្ជាក់ថា កម្ពុជាទើបបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ តែយើងកុំភ្លេចខ្លួន ត្រូវនាំគ្នាខិតខំការពារសន្តិភាព ការពារដើម្បីកូនចៅយើង កុំឱ្យពួកគេទៅលីកាំភ្លើង លីគ្រាប់ កាត់វាល កាត់ព្រៃ ដូចជំនាន់ពួកយើងវាលំបាកខ្លាំងណាស់ ទំរាំយើងទទួលបាននូវសន្តិភាព យើងត្រូវរួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពីការភ្នែក ខ្លះដាច់ដៃដាច់ជើង និងរាងកាយមួយចំនួនទៀត គឺប្ដូរបានមកវិញនៅសន្តិភាពនាពេលបច្ចុប្បន្ននេះ។

ដូច្នេះការលះបង់អវយវៈមួយចំនួនរបស់ពួកយើង មិនមែនអត់ប្រយោជន៍ទេ យើងបានមកវិញនៅសុខសន្តិភាពសម្រាប់កូនចៅយើងជំនាន់ក្រោយ ហើយយើងមានតួនាទី គឺថែរក្សាការពារសន្តិភាព ឯកភាពជាតិ ឱ្យបានគង់វង្ស ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយ។

លោកក៏បានកោតសរសើរដល់លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប អំពីការចុះពង្រឹងមូលដ្ឋាន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប មានសន្ដានចិត្ត មានឆន្ទៈព្រួតដៃគ្នាដឹកនាំក្រុមការងារចុះទៅពង្រឹងនៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។

លោកបានលើកទឹកចិត្តជំរុញឱ្យក្រុមការងារបន្តកិច្ចការងារនេះបន្តទៀត ដើម្បីសម្រេចគោលដៅនៃការរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង
ហើយលោកក៏បានផ្ដាំផ្ញើដល់យោធិននៅក្នុងមជ្ឈមណ្ឌលផងដែរថា យើងត្រូវការការពារនៅក្នុងមូលដ្ឋានមិនឱ្យមានល្បែងស៊ីសង អំពើចោរកម្ម ការជួញដូរផ្លូវភេទ ជួញដូរគ្រឿងញៀនអំពើខុសច្បាប់ទាំងឡាយ គឺមិនឱ្យកើតមាននៅក្នុងមជ្ឈមណ្ឌលនោះទេ អនុវត្តឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថភាព។

នាឱកាសនោះដែរ លោក មាស សាវ៉ន ក៏បានអំពាវនាវឱ្យយោធិន គ្រួសារយោធិន ប្រជាពលរដ្ឋទាំងអស់ត្រៀមលក្ខណៈចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕