(ភ្នំពេញ)៖ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធជំរុញល្បឿនអ៊ីធឺណេតនៅកម្ពុជាឱ្យបានលឿន ដើម្បីបំពេញតម្រូវការនៃការវិវត្តទៅរបស់សង្គម ដែលប្រែក្លាយទៅជាទីក្រុងឆ្លាតវៃ ក្រុមហ៊ុនឆ្លាតវៃ ឬរោងចក្រឆ្លាតវៃ សម្រាប់បម្រើដល់រដ្ឋាភិបាលឌីជីថល។

លោកថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទ ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាល្ងាចថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

លោកទេសរដ្ឋមន្ត្រីបន្តថា «អ្វីដែលខ្ញុំចង់សុំថែម អ៊ីនធើណេតត្រូវតែលឿន ប្រើ 5G ត្រូវតែលឿន និយាយឱ្យចំទៅមិនត្រូវរួញរាក្នុងការយក 5G របស់ហួរវៃមកប្រើទេ ពីព្រោះជាតម្រូវការរបស់សង្គមយើង។ យើងមានក្របខណ្ឌមួយ គឺរដ្ឋាភិបាលឌីជីថល អភិវឌ្ឍសង្គម ធុរកិច្ចឌីជីថល អ៊ីចឹងទេ ត្រូវតែមានអ្វីបម្រើដល់ការអនុវត្តនេះបាន។ ឥឡូវបើយើងមានក្រសួងស្ថាប័នដែលអ៊ីធើណេតដើរយឺតមិនអីបាន ដើរមិនទាន់សភាពការណ៍ទេ»

លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា បច្ចុប្បន្ននេះសេវាទូរគមនាគមន៍ នៅកម្ពុជានៅមានកម្រិត។ ហេតុនេះក្រសួងកំពុងមានការយកចិត្តទុកយ៉ាងខ្លាំង និងធ្វើការងារយ៉ាងសកម្មបំផុត ដើម្បីបង្កើនគុណភាពសេវាឱ្យបានល្អ។

លោកលើកថា «ក្រសួងបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងម៉េចឱ្យ៥ឆ្នាំ ឬ១០ឆ្នាំឬ១៥ឆ្នាំ តទៅមុខទៀត ប្រទេសកម្ពុជាទាំងវិស័យសាធារណៈ ទាំងវិស័យឯកជន គឺបានប្រែក្លាយខ្លួនឱ្យក្លាយជាវិស័យមួយដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងកិច្ចការរដ្ឋ និងឯកជន។ ហេតុដូច្នេះបានជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដឹកនាំ ដើម្បីធ្វើឱ្យវិស័យនេះ មានអ្នកមានជំនាញបច្ចេកវិទ្យា ឌីជីថលកាន់តែច្រើន ជំរុញការធ្វើបដិវត្តកម្មក្នុងវិស័យឯកជន និងវិស័យសាធារណៈ»

គួរជម្រាបផងដែរថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រារព្ធឡើងជាលើកដំបូង នៅក្នុង២០២៣នេះ ដែលរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទិវាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ចប់ទៅដោយជោគជ័យ មានអ្នកមកចូលរួមទស្សនា ទាំងជាតិ និងអន្តរជាតិ ប្រមាណជាង៣ម៉ឺននាក់។

លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹង ថ្ងៃទី១នៃពិព័រណ៍នេះ(ថ្ងៃទី២៦ ខែមីនា ២០២៣) មានអ្នកចូលរួមប្រមាណជាង៥ពាន់នាក់ ,ថ្ងៃទី២ (ថ្ងៃទី២៧ ខែមីនា ២០២៣) មានអ្នកចូលរួមទស្សនាជាង១២៥០០នាក់ និងនៅថ្ងៃទី៣(ថ្ងៃទី២៨ ខែមីនា ២០២៣) មានអ្នកចូលរួមទស្សនា ជាង១ ៣៨០០នាក់ ក្នុងនោះអ្នកចូលរួមទស្សនា មានអ្នកចូលទស្សនាប្រមាណ៦៤% និងស្រ្តី៣៦% ដែលមកពីវិស័យឯកជនប្រមាណ ៤៥% ភ្ញៀវទូទៅប្រមាណ៣០% និងមានសិស្សានុសិស្សចូលរួមប្រមាណ៧%៕