(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជួបសំណេះសំណាលជាមួយអតីតសមាជិកក្រុមប្រឹក្សាឃុំទាំង១១ នៅស្រុកកំពង់ស្វាយ ចំនួន៣១នាក់ រសៀលថ្ងៃទី២៧ខែ មីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នៅពេលខាងមុខនេះ។

លោកស្រី ឃួន ឃុនឌី បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេលោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនយើងព្រោះបងប្អូន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិដោយបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

លោកស្រីបន្តថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់អនុសាសន៍ឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់គិតគូដល់មន្ត្រីដែលធ្លាប់បម្រើការងារ ហើយលោកស្រី បានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ដើម្បីបន្តរួមគ្នាថែរក្សាសន្តិភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

លោកស្រីបន្តទៀតថា នេះគឺជាការគិតគូររបស់ថ្នាក់ដឹកនាំដោយមិនទុកឲ្យបងប្អូនណាម្នាក់នៅឯកាឬមិនមានការជ្រោមជ្រែងពីថ្នាក់ដឹកនាំនោះទេ។ នៅក្នុងឱកាសនេះលោកស្រី ឃួន ឃុនឌី បាននាំ យកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៣១គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ ឃីតអានុស្សាវរីយ៍១យូរ និងថវិកា១០ ម៉ឺនរៀលផងដែរ៕