(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ពិភាក្សាទៅសេចក្តីព្រាងច្បាប់ និងព្រាងកម្មវិធីចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសេចក្តីព្រាង កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៧-២០១៩។

សេចក្តីជូនព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងដែរថា កិច្ចប្រជុំនៅថ្ងៃនេះក៏នឹងពិភាក្សាទៅលើសំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ​ ទៅលើការងារមួយចំនួនទៀតរួមមាន៖

- កិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គភាពស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។
- ពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្ដេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវា។
- កិច្ចព្រមព្រៀងស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
- ពិធីសារស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
- ពិធីសារស្ដីពីក្របខ័ណ្ឌច្បាប់ សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។
- ពិធីសារទី៧ ស្ដីពីប្រព័ន្ធឆ្លងកាត់គយ៕