(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យ សាធារណៈនូវឯកសារនៃការវិនិច្ឆ័យភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លោក គួច ចំរើន បានកោតសរសើរមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន មានក្រុមចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធមានចំនួន ៥ក្រុម បានចុះកំណត់ព្រំ វាស់វែងជីសរុបបានចំនួន ៥១,០៣២ ក្បាលដី ប្រមូលទិន្នន័យក្បាលដីបានចំនួន ៤៤,៧០០ និងត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ និងអ្នកកាន់កាប់ដីបានចំនួន ១៣,៥៧៥ប័ណ្ណ ចែកប័ណ្ណកម្មសិទ្ធិជូន ដល់ប្រជាពលរដ្ឋ បានចំនួន ៧.៦២១។ ការប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យ ជាសាធារណៈនូវឯកសារការ វិនិច្ឆ័យភូមិ១ មានក្បាលដីចំនួន ៧.២០២ និងភូមិ២ មានក្បាលដីចំនួន ២.៧៤១ សរុបក្បាលដី ទាំងពីភូមិមាន ៩.៩៤៣។

អភិបាលខេត្តបានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយច្បាប់ និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី នេះជាការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយ ដល់ការអភិវឌ្ឍន៍របស់ប្រទេស ជាតិ ជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដីផង។

រដ្ឋគ្រប់គ្រងដីធ្លី បានទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួល ក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លីធានាសុវត្តិភាព នៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយឧច្បាប់និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួន ដោយគ្មានការព្រួយបារម្ភ អាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ និងអាជីវកម្ម។

ក្នុងឱកាសនោះ អភិបាលខេត្ត ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋ បន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ កូនចៅ ឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍ កំពុងបង្កើតជាហានិភ័យនៅក្នុងខេត្តរបស់យើង ដែលបណ្តាលឲ្យមានអ្នករងគ្រោះបាត់បង់ជិវិតមានចំនួនច្រើន និងរងរបួសពិការភាពជាដើម និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ឯកជន និងទ្រព្យសម្បត្តិរដ្ឋផងដែរ ទន្ទឹមនោះ ត្រូវលុបបំបាត់គ្រឿងញៀនដែលបង្កឲ្យមានអំពើហិង្សា ក្នុងគ្រួសារជាដើម ប្រសិនបើបងប្អូនណារាយការណ៍ពីគ្រឿងញៀន រដ្ឋបាលខេត្តនឹងផ្តល់រង្វាន់លើកទឹកចិត្ត និងរក្សាការសម្ងាត់ជូនអ្នករាយការណ៍ថែមទៀតផង។

លោកក៏សុំឲ្យបងប្អូនដែលជាម្ចាស់ក្បាលដី មកពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួន រយៈពេល១៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២៧ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់ ក្នុងកំឡុងពេលនៃការបិទផ្សាយនេះ ម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការកែតំរូវ រឺដាក់ពាក្យបណ្តឹងជំទាស់ តវ៉ាបាន ប្រសិនបើពិនិត្យទៅឃើញថា មានកំហុសឆ្គងដោយត្រូវដាក់ពាក្យស្នើសុំ ឬជំទាស់ចូលមកគណៈកម្មាការរដ្ឋបាល មន្ត្រីដែលប្រចាំការនៅកន្លែងបិទផ្សាយ តាមរយៈអាជ្ញាធរភូមិ សង្កាត់ ហើយត្រូវបានធ្វើការសម្របសម្រួលតាមការ
ព្រមព្រៀងដោយគណៈកម្មការរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ៕