(បន្ទាយមានជ័យ)៖​​ ប្រជាពលរដ្ឋក្មេងចាស់ប្រុស ស្រី យុវជន យុវតីរស់នៅតំបន់ភាគពាយ័ព្យប្រទេស នឹងមានឱកាសបានចូលរួមកំសាន្តសប្បាយរីករាយក្នុងព្រឹត្តិការណ៍ «ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព»។ ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

ចូលឆ្នាំបន្ទាយឆ្មារ រៀបចំឡើងដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ សហការគាំទ្រដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ។ ឯកឧត្តម កែ គឹម យ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើក និងពិធីសាសនា ព្រមទាំងកម្មវិធីកំសាន្តសប្បាយនានា។

កម្មវិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ រួមមានការប្រគន់ត្រ្តីស្គរដៃ ការលេងល្បែងប្រជាប្រិយ៍ ការបណ្ដែតប្រទីប និងគោម ការប្រកួតគុណល្បុកត្តោ ការតាំងពិពណ៌ពាណិជ្ជកម្ម ការប្រគន់តន្រ្តីចូលរួមដោយតារាល្បីៗ ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ បន្ទាយឆ្មារត្រជាក់ចិត្ត និងទស្សនីយភាពល្ខោនខោល។ នេះបើតាមការឱ្យដឹងពីក្រុមការងារគ្រប់គ្រងព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ។

គួរកត់សម្គាល់ថា ក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ ឯកឧត្តម កែ សួនភាព ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការចូលឆ្នាំបន្ទាយឆ្មារ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងប្រារព្ធពិធីជារៀងរាល់សប្ដាហ៍ ជាពិសេសបន្ទាប់ពីមានការរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខរៀបចំព្រឹត្តិការណ៍នេះកាលពី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រុមការងាររៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ បានបើកិច្ចប្រជុំជាថ្មីទៀត ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកជំទាវ កែ សួនសុភី ស សុខា អនុប្រធានគ្រប់គ្រងព្រឹត្តិការណ៍ រួមនឹងក្រុមការងារក៏បានបន្តចុះទៅពិនិត្យដំណើរការរៀបចំទីតាំងប្រារព្ធពិធី ទាំងការរៀបចំពេលថ្ងៃ និងពេលរាត្រី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ គ្រោងរៀបចំជាលើកទី១ម្ដង ហើយកាលពីឆ្នាំ២០២០ ប៉ុន្តែត្រូវខនខានដោយសារការរីករាលដាលជំងឺកូវីដ-១៩។ ការឈានទៅរៀបចំព្រឹត្តិការណ៍ដ៏សប្បាយកកក្រើកនាឆ្នាំនេះ គឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំដោយជោគជ័យការប្រយុទ្ធនឹងជំងឺឆ្លងនេះ។ ដំណឹងស្ពីការរៀបព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារបានទទួលការអបអសារទរគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋ ពិសេសយុវជនភាគពាយ័ព្យប្រទេស៕