(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលខ្មែរប្រ​ចាំខេត្តសាកែវ បានត្រៀមមេធាវីរួចហើយ ដើម្បីជួយការពារ​ក្តីឲ្យពលរដ្ឋ​ខ្មែរពីរនាក់ ត្រូវអាជ្ញាធរ​ថៃចាប់ខ្លួន ពេលពួកគេ​ដឹកគ្រែធ្វើពីឈើទៅលក់លើទឹកដីថៃក្នុងខេត្ត​សាកែវ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះថា ពលរដ្ឋខ្មែរពីរនាក់ ដែលអាជ្ញាធរថៃ ចាប់ខ្លួននោះ មានឈ្មោះ ហួន វិន ភេទប្រុស អាយុ ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហួន ក្រុក ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវជាបងប្អូនបង្កើត មានស្រុកកំណើតនៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ជុំ សុន្ទរី នបញ្ជាក់ថា ក្រោយទទួលបានដំណឹងខាងលើមន្រ្តីរបស់ខ្មែរប្រចាំនៅស្ថានអគ្គកុងស៊ុលប្រចាំខេត្តសាកែវ ក៏ចុះសាក សួរព័ត៌មានភ្លាមៗ ទាំងអាជ្ញាធរថៃ និងពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំ។

តាមការសាកសួរអភិបាលស្រុក តាផាយ៉ា ខេត្តសាកែវ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ក្រុមការងារព្រៃឈើក្រសួងបរិស្ថានថៃ បានចុះល្បាតនៅក្នុងភូមិសាស្រ្តស្រុកតាផាយ៉ា ហើយក៏ប្រទះ ឃើញពលរដ្ឋខ្មែរទាំងពីរនាក់កំពុងលក់គ្រឿងសង្ហារឹមធ្វើពីឈើ ក៏ឃាត់ខ្លួន ពីបទឆ្លងដែនខុសច្បាប់ លក់ដូរសង្ហារឹមប្រភេទឈើ ដែលហាមឃាត់ និងនាំទំនិញចូលដោយខុសច្បាប់ពុំបានបង់ពន្ធ។

ប្រជាពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំ បានសារភាពប្រាប់មន្រ្តីខ្មែរថា ពួកគេទើបតែចូលទៅលក់ដូរនៅប្រទេសថៃជាលើកទី១ នៅថ្ងៃទី២៦ មិថុនា តាមច្រកចំការគរ (ស្រុកស្វាយចេក-បន្ទាយមានជ័យ) ដោយពុំមានលិខិតឆ្លងដែន ឬ Border Pass ទេ។ ពួកគាត់បាននាំគ្រែធ្វើពីឈើកកោះ ឈើធ្លក និងឈើម្លប់ចំនួន ២០គ្រែ ទៅលក់នៅថៃ ដោយដឹកជញ្ជូនដោយគោយន្ត។ លុះថ្ងៃទី២៧ មិថុនា ម៉ោងជាង៩ព្រឹក ត្រូវក្រុមព្រៃឈើថៃឃាត់ខ្លួនសាកសួរ រួចបញ្ជូនមកឃុំខ្លួននៅពន្ធនាគារខេត្តសាកែវ ដោយអាជ្ញាធរថៃមិនបានប្រើអំពើហឹង្សាដាក់ច្រវ៉ាក់ ឬខ្នោះនោះទេ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា មន្រ្តីស្ថានអគ្គកុងស៊ុលខ្មែរ បានជូនដំណឹងទៅក្រុមគ្រួសារបុរសដែលត្រូវអាជ្ញាធរថៃចាប់ខ្លួនរួចរាល់ហើយ ហើយក៏បានត្រៀមមេធាវីជួយការពារក្តីផងដែរ។ មន្រ្តីសាលាស្រុក តាផាយ៉ា ក៏បានអះអាងថា នឹងរិះរកវិធីជួយពលរដ្ឋខ្មែរទាំងពីរ នាក់ផងដែរ ដើម្បីរក្សាចំណងទាក់ទងល្អរវាងស្រុក និងស្រុក ខេត្ត និងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ៕