(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតអោយលោកស្រី Kamei Haruko ប្រធានអង្គការ JICA និងសហការី ចូលជួបសំដែងការគួរសម និងជម្រាបលាមុននឹងបញ្ចប់បេសកកម្មនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច។

នៅក្នុងឱកាសនោះ លោកស្រី Kamei Haruko បានថ្លែងថា លោកស្រីមានក្តីសោមនស្សរីករាយជាពន់ពេក ដោយឆ្នាំនេះជាខួបលើកទី៧០ នៃចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា ហើយលោកស្រីពិតជាមានក្តីរំភើបរីករាយ ដែលបានមកបំពេញបេសកម្មនៅប្រទេសកម្ពុជា។ លើសពីនេះ លោកស្រីបានស្នើដល់ក្រសួងសង្គមកិច្ច ពង្រឹងកិច្ចសហការជាមួយអ្នកជំនាញ JICA បន្ថែមទៀត លើគម្រោងពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដើម្បីឱ្យគម្រោងនេះ ទទួលបានផលជាវិជ្ជមាននៅពេលអនាគត។

ជាការឆ្លើយតប លោក វង សូត បានលើកឡើងថា ការជួញដូរមនុស្សជារឿងមួយដ៍ស្មុគស្មាញដែលទាមទារឱ្យភាគីពាក់ព័ន្ឋត្រូវចូលរួមទាំងអស់គ្នា ព្រោះថាករណីជួញដូរមនុស្ស ប្រព្រឹត្តិទៅជាប្រព័ន្ធពីប្រទេសមួយទៅប្រទេសមួយ។ តែយ៉ាងណាក្តីក្រសួងសង្គមកិច្ច បាននឹងកំពុងបន្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ រួមទាំងអង្គការ JICA ផងដែរ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា កម្ពុជាបានចាត់ទុកជប៉ុនជាប្រទេសមួយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនលើវិស័យជាច្រើនរួមមាន៖ ការកសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងការបណ្តុះធនធានមនុស្សជាដើម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានថ្លែងអំណរគុណដល់អង្គការ JICA ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយ៉ាងជិតស្និទប្រកបដោយលទ្ធផលជាវិជ្ជមានក្នុងការជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះពីអំពើជួញដូរមនុស្ស ស្របតាមគោលនយោបាយ និងគោលដៅជាយុទ្ធសាស្រ្តរបបស់រាជរដ្ឋាភិបាល៕