(សៀមរាប)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២បន្ត និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣របស់ខ្លួន ក្រោមអធិបតីភាពលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្ត និងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងកងកម្លាំងប្រដាប់អារុធ អង្គការសង្គមស៊ីវិលសរុបចំនួន ៦៤០នាក់ចូលរួមផងដែរ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ ដែលបានអនុវត្តការងារយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅភារកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសេចក្ដីណែនាំ ដីកាផ្សេងៗ របស់រដ្ឋបាលខេត្ដ ប្រកបដោយជោគជ័យគួរជាទី មោទកភាព។ អង្គសន្និបាតនេះ គឺជាឱកាសសម្រាប់ធ្វើការរួមគ្នាវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបាន ក្នុងឆ្នាំ២០២២ សំខាន់លើបទពិសោធន៍ និងបញ្ហាប្រឈមដែលនៅសេសសល់ ដែលនឹងរួមគ្នាធ្វើការកំណត់ ទិសដៅក្នុងឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តកម្មវិធីកំណែទម្រង់នានា និងទិសដៅឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក ទៀ សីហា ក៏បានលើកនូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលយើងរួមគ្នាខិតខំពុះពារសម្រេចបានកន្លងមក ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដោយរក្សាបាននូវសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ។ ក្នុងនោះដែរ ការអនុវត្ដគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងការវិនិយោគ ព្រមទាំងសម្រាប់សុវត្ថិភាពរបស់សាធារណជនទូទៅឲ្យទទួលបាននូវភាពកក់ក្ដៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានរបស់ថ្នាក់ដឹកនាំទូទាំងខេត្ដ ព្រមទាំងភ្ញៀវទេសចរ គណៈប្រតិភូជាតិ និងអន្ដរជាតិ ដែលអញ្ជើញមកទស្សនា ឬចូលរួមក្នុងកិច្ចប្រជុំនានា ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះ។

លោក ទៀ សីហា បានបន្តទៀតថា បច្ចុប្បន្នដោយសារតែការរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេសមានការថយចុះ តែយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបើកដំណើរការប្រទេសឡើងវិញ ដែលធ្វើឲ្យសេដ្ឋកិច្ចទូទាំងប្រទេសវិលត្រឡប់ទៅរកប្រក្រតីភាពជាបណ្តើរៗ។ ទោះបីស្ថានភាពការឆ្លងជម្ងឺកូវីដ-១៩ មានការថយចុះក៏ពិតមែន តែរដ្ឋបាលខេត្តសៀមរាប នៅតែបន្តយកចិត្តទុកដាក់លើការផ្សព្វផ្សាយយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញដល់ប្រជាពលរដ្ឋបន្ថែមទៀត។

លោកអភិបាលខេត្តក៏បានលើកឡើងពីការពាក់ព័ន្ធទៅនឹងសោភ័ណភាពក្រុងសៀមរាប ដែលអាចវាយតម្លៃបានថាហេដ្ឋារចនាសម្ព័ន្ធនានា ការកែលម្អស្ទឹងសៀមរាប និងផ្លូវថ្នល់ត្រូវបានរៀបចំល្អ ពិសេសផ្លូវក្នុងក្រុង ត្រូវបានកែលម្អ និងស្ដារឡើងវិញជាបណ្តើរៗ ជាក់ស្តែងផ្លូវ៣៨ខ្សែ និងចំណតរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៦ រហូតដល់ខាងកើតក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយសមិទ្ធផលទាំងនេះ គឺដើម្បីបម្រើឲ្យការធ្វើចរាចរណ៍ និងការដឹកជញ្ជូន ក៏ដូចជាការលើកកម្ពស់សោភ័ណភាពក្រុង ព្រមទាំងបានពង្រឹងនូវសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនសាធារណជនកាន់តែប្រសើរឡើង និងធ្វើឲ្យខេត្តសៀមរាបទទួលបាននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពលេខ១ មាន ៦៧ឃុំ-សង្កាត់ និងពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទងផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលជាច្រើនទៀតដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅ ដូចជាការពង្រឹងការគ្រប់គ្រងពន្ធនាគារ ការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស ការដោះស្រាយពាក្យបណ្តឹង សំណើ-សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ កិច្ចសហប្រតិបត្តិការខេត្ត ក្រុង សម្ព័ន្ធមេត្រីភាព ការងារផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការងារអប់រំ ការងារសុខាភិបាល ការងារបរិស្ថាន ការងាររៀបចំ-ដែនដី នគរូបនីយកម្ម និងសំណង់ ការងាររ៉ែ និងថាមពល ការរៀបចំទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋាន នៅរមណីដ្ឋានអង្គរ ព្រមទាំងការងារកាត់ឆ្វៀលដីតំបន់៣ បឹងទន្លេសាប សំខាន់ លើកិច្ចសហការជាមួយអាជ្ញាធរអប្សរា ក្នុងការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ សម្រាប់បងប្អូនស្ម័ត្រចិត្តចាកចេញពីតំបន់រមនីយដ្ឋានអង្គរ ទៅរស់នៅទីនោះ ក្រោមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ក្នុងការបញ្ជៀសការដកចេញសម្បតិ្តបេតិកភណ្ឌជាតិ ចេញពីបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ។

លោកអភិបាលខេត្ត ក៏បានបន្ថែមថា នៅដើមឆ្នាំ២០២៣ នេះរដ្ឋបាលខេត្ត បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម ដោយបានរៀបចំពិធីព្រះរាជទានព្រះអគ្គីជ័យកីឡានៅមុខក្តាបែនប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអមព្រះរាជដំណើរដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប។

ជាមួយនេះដែរ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អង្គសន្និបាទទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើកិច្ចពិភាក្សា ទៅលើខ្លឹមសារប្រធានបទនៃក្រុមនិមួយៗ ឲ្យបានស៊ីជម្រៅ ដើមី្បអង្គសន្និបាតទាំងមូល ទទួលបាននូវធាតុចូល ដែលជាយន្តការសម្រាប់យកទៅអនុវត្តនៅឆ្នាំបន្តផងដែរ៕