(ភ្នំពេញ)៖ ក្នុងក្របខ័ណ្ឌនៃទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនៅកម្ពុជា និងផែនការណ៍រួមដើម្បីភាសាបារាំង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រួមសហការណ៍ជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានរៀបចំសន្និសីទស្តីអំពីច្បាប់រដ្ឋធម្មនុញ្ញអន្តរជាតិ និងច្បាប់កម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅឯសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សន្និសីទនេះធ្វើបទបង្ហាញដោយលោកសាស្ត្រាចារ្យ Laurent Sermet នាយកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ AUF ជាសាស្ត្រាចារ្យច្បាប់សាធារណៈនៃវិទ្យាស្ថានសិក្សានយោបាយ Aix-en-Provence ក្នុងដំណើរបំពេញបេសកកម្មរយៈពេល២ថ្ងៃ របស់លោកនៅព្រះរាជាណាចក្រកម្ពុជា។

ប្រវត្តិដើមនៃរដ្ឋធម្មនុញ្ញកម្ពុជា លក្ខណៈសម្បត្តិទាំងឡាយនៃរដ្ឋធម្មនុញ្ញជាមួយនឹងការបញ្ចូលនូវចំណុចខ្លះៗ នៃច្បាប់អន្តរជាតិ បញ្ហានៃការប្រៀបធៀបរវាងច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជានឹងត្រូវលើកមកធ្វើបទបង្ហាញក្នុងសន្និសីទ។

គួរកត់សំគាល់ថាប្រភពដើមជាលក្ខណៈអន្តរជាតិនៃច្បាប់ប្រជាពលរដ្ឋខ្មែរដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្សទៅតាមនិយមន័យក្នុងសន្ធិសញ្ញាអង្គការសហប្រជាជាតិ ក្នុងសេចក្តីប្រកាសជាសាកលនៃច្បាប់ស្តីពីសិទ្ធិមនុស្ស និងក្នុងគ្រប់កតិកាសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយដែលពាក់ព័ន្ធនឹងសិទ្ធិបុរស សិទ្ធិស្ត្រី និងសិទ្ធិកុមារ។

ក្រោយពីបានធ្វើបទបង្ហាញ អ្នកចូលរួមដែលជានិស្សិត និងតំណាងទូតនិងស្ថាប័ន បានចោទសួរលើការបកប្រែអត្ថន័យសិទ្ធិមនុស្ស ការយកច្បាប់អន្តរជាតិមួយចំនួនជាមូលដ្ឋាន ជាពិសេសផ្តោតលើលក្ខណៈពិសេសនៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។

សូមបញ្ជាក់ថាវាគ្មិនបានលើកឡើងថានៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មិនមានការកាត់ទោសប្រហារជីវិតទេ គឺជាច្បាប់រដ្ឋធម្មនុញ្ញដែលមិនមានប្រទេសច្រើនឡើយនៅក្នុងតំបន់អាស៊ីដែលមិនមានការកាត់ទោសប្រហារជីវិតយ៉ាងដូច្នេះ។

រដ្ឋកម្ពុជាត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញបើកទូលាយ ប្រជាធិបតេយ្យ និងមានភាពរឹងមាំដោយឈរលើមូលដ្ឋាននៃប្រពៃណីខ្មែរក្នុងនោះរាជានិយមត្រូវបានរក្សា និងបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង​ (AUF) ដែលបង្កើតឡើង៦០ឆ្នាំមកហើយ បច្ចុប្បន្នក្លាយជាបណ្តាញសាកលវិទ្យា
ល័យទី១ នៅលើពិភពលោក ជាមួយនិងគ្រឹះស្ថានជាង ១០៣០ ជាសមាជិក ៖ សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលធំៗ និងមជ្ឈមណ្ឌលស្រាវជ្រាវដែលមានវត្តមានក្នុងប្រទេសចំនួន១២០ លើពិភពលោក។

អ្នកអភិវឌ្ឍន៍ទេពកោសល្យហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រមានវត្តមាននៅគ្រប់ទីកន្លែងលើពិភពលោក AUF ជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ ក៏ជាអត្តសញ្ញាណដែលមានទស្សនវិស័យសម្រាប់ការអភិវឌ្ឍន៍ដ៏ប្រសើរនៃប្រព័ន្ធអប់រំនិងសាកលវិទ្យាល័យ៖ «គិតអំពីហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រជាសកល និងធ្វើសកម្មភាពក្នុងតំបន់ដោយគោរពភាពខុសប្លែកគ្នា»