(ភ្នំពេញ)៖ លោក ឯក និមល ប្រធានផ្សារបឹងកេងកង បានរៀបចំពិធីសូត្រមន្ត និង រាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួន១២អង្គខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ «ឆ្នាំថោះ» នឹងឈានចូលមកដល់នោះ ទើបគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង រួមជាមួយបងប្អូនអាជីវករផ្សារបានប្រារព្ធពិធីនេះឡើង ដើម្បីបួងសួងសុំនូវសេចក្ដីសុខសប្បាយជារៀងរហូតពិសេសនាឱកាសឆ្នាំថ្មីនេះ។

ពិធីនេះ បានធ្វើឡើងនៅផ្សារបឹងកេងកង ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។

លោក ឯក និមល បានឲ្យដឹងថា ការជួបជុំគ្នានៅថ្ងៃនេះគឺដើម្បីនិមន្តព្រះសង្ឃចម្រើនព្រះបរិតក្នុងឱកាសទទួលទេវតាឆ្នាំថ្មីពោលគឺឆ្នាំថោះ។ ហើយពិធីនេះក៏មានរាប់បាត្រប្រគេនដល់ព្រះសង្ឃដែលនិមន្តមកពីបណ្ដាវត្តនានាផងដែរ។

លោកប្រធានផ្សារបឹងកេងកង បានបន្តទៀតថា ចំណែកនៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីបីថ្ងៃគឺចាប់ពីថ្ងៃទី១៤ , ១៥ និង១៦ ខែមេសាឆ្នាំ២០២៣ខាងមុខនេះ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ «ឆ្នាំថោះ» នេះ ខាងគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញរួមជាមួយសមត្ថកិច្ចបានបង្កើននូវការយកចិត្តទុកដាក់ក្នុងការរក្សាការពារនូវសន្តិសុខ សុវត្ថិភាព នៅបរិវេណផ្សារនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទ្វេរដងនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ក្នុងពិធីនេះដែរ លោកប្រធានផ្សារបឹងកេងកង និង សហការី ព្រមទាំងអ្នកចូលរួមក៏បានធ្វើទានដល់អ្នកមានជីវភាពខ្វះខាតជាច្រើននាក់ផងដែរពោលគឺធ្វើបុណ្យ និង ធ្វើទាន៕