(ភ្នំពេញ)៖ ការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់៤ខែជាប់គ្នា ពោលចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៦ ខណៈឆមាសទី១ កម្ពុជានាំចេញអង្ករបានជិត២៧ម៉ឺន ធ្លាក់ចុះ៥.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ នេះបើតាមរបាយការណ៍ អំពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី០៧​ ខែកក្កដានេះ។

របាយការណ៍ឲ្យដឹងថា នៅខែមីនា ឆ្នាំ២០១៦ ការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់ចុះ១៤.៥ភាគរយ ពោលធ្លាក់ពីជាង៧.៥ម៉ឺនតោននៅឆ្នាំ២០១៥ មកត្រឹម៦.៦ម៉ឺនតោនឆ្នាំ២០១៦, ខែមេសា ការនាំចេញបានធ្លាក់ចុះ ៣០.៨ភាគរយ ពី៥.១ម៉ឺនតោន មកត្រឹម៣.៩ម៉ឺនតោន, ខែឧសភា ធ្លាក់ចុះ ២៨.៥ភាគរយ ពី៤.១ម៉ឺនតោន មកត្រឹម៣.២ម៉ឺនតោន និងខែមិថុនា ធ្លាក់ចុះ២០.៦ភាគរយ ពីជាង៤ម៉ឺនតោម មកត្រឹមជាង៣.៣ម៉ឺនតោន។

ដោយឡែកសម្រាប់ឆមាសទី១ ឆ្នាំ២០១៦ ការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់ចុះ៥.៨ភាគយ ធ្លាក់ពី២៨.៣ម៉ឺនតោននៅឆ្នាំ២០១៥ មកនៅត្រឹម ២៦.៨ម៉ឺនតោនក្នុងឆ្នាំ២០១៦។

អ្នកជំនាញខាងស្រូវអង្ករ ធ្លាប់បានប្រាប់អង្គភាព Fresh News ថា ការធ្លាក់ចុះនេះ ដោយសាររោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ខ្វះខាតទុន ដើម្បីទិញស្រូវស្តុកទុក។

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ធ្លាប់បានបញ្ជាក់ថា ការធ្លាក់ចុះនៃការនាំចេញអង្កររបស់កម្ពុជា នឹងអូសបន្លាយរហូតដល់ខែតុលាខាងមុខ គឺរហូតដល់រដូវប្រមូលផល របស់ប្រជាកសិក ទើបម៉ាស៊ីនកិនស្រូវ មានលទ្ធភាពទិញស្រូវ កិននាំចេញបាន។

ពាក់ព័ន្ធនឹងការខ្វះខាតដើមទុន សម្រាប់ទិញស្រូវស្តុក ដើម្បីនាំចេញនេះផងដែរ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រជុំពិភាក្សាគ្នារយៈពេល២ម៉ោង ដើម្បីស្វែងរកច្រកចេញ។

ក្រសួងសេដ្ឋកិច្ច បានសន្យាដោះស្រាយកញ្ចប់ថវិកាពិសេសពី២០ ទៅ៣០លានដុល្លារ តាមការស្នើរបស់សហព័ន្ធស្រូវអង្ករ ដើម្បីឆ្លើយតបតាមតម្រូវការបន្ទាន់ នៅរដូវប្រមូលផលខាងមុខនេះ ដោយក្រសួងសេដ្ឋកិច្ច ជំរុញឲ្យសហព័ន្ធស្រូវអង្ករ ធ្វើផែនការលម្អិត ដើម្បីជជែកជាមួយធនាគារអភិវឌ្ឍន៍ជនបទ។

គួរបញ្ជាក់ កាលពីឆ្នាំ២០១៥ កន្លងទៅកម្ពុជា អាចនាំចេញអង្ករបានជិត៥៤ម៉ឺនតោន ដែលទីផ្សារដ៏សំខាន់របស់កម្ពុជា នៅតំបន់អឺរ៉ុប ប្រទេសចិន និងប្រទេសសំខាន់មួយចំនួនទៀត៕