(កំពង់ធំ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រេីប្រាស់ស្ពានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (សំពៅត្រៃលោកត្រៃលក្ខណ៍) ឆ្លងស្ទឹងសែនដែលតភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ស្ពាននេះត្រូវបានសាងសង់ ឡើងដោយវិស្វករកូនខ្មែរ និងត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានប្រវែង ១៨០ម៉ែត្រ គុណ ៨.៨ម៉ែត្រ ដែលបានចំណាយថវិកាសាងសង់អស់ ១.៣លានដុល្លារសហរដ្ឋអាមេរិក ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសប្បុរសជនតបតាមការស្នើសុំរបសប្រជាពលរដ្ឋនាឱកាសសម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ កាលពីឆ្នាំ២០១៣​។

សមិទ្ធផលស្ពានមួយនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នាំមកនូវភាព សប្បាយរីករាយ យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋ ទាំងអ្នករស់នៅ សង្ខាងស្ទឹងសែន។ ប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ជើងស្ពានទាំងសងខាង ដើមឡើយមានផលលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរពីត្រោយម្ខាងទៅត្រើយម្ខាងទៀត ពោលពួកគេត្រូវឆ្លងទូកដរឬធ្វើដំណើរវាងមកឆ្លងកាត់ដែលជាហេតុធ្វើឲ្យខាតបង់ទាំងពេលវេលានិងថវិកា។

លោកស្រីបន្តថាម៉្យាងទៀតសមិទ្ធផលមិនត្រឹមតែជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋរស់នៅទីនោះ ប៉ុណ្ណោះទេ តែក៏ចូលរួមចំណែកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់មួយនេះ។  ជាពិសេស មកកាន់មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ ។

លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាសុខសន្តិភាពនេះឲ្យបានជារៀងរហូតនិងបន្ត
អភិវឌ្ឍន៍ប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ។

ប្រជាពលរដ្ឋទាំងពីរឃុំ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយស្ពានដ៏ថ្លៃថ្លាកាត់ស្ទឹងសែនក្នុងថ្ងៃនេះ​ និងសូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត រួមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់សូមជូនសេចក្តីសុខនិងបន្តដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនតទៅមុខទៀត៕