(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវទស្សនៈចំនួន ៥ចំណុច សំដៅធ្វើយ៉ាងណាចូលរួមលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។

សូមបញ្ជាក់ដែរថា ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនេះជាការរៀបចំជាលើកដំបូងហើយនៅកម្ពុជា ពោលមិនធ្លាប់មាននោះទេពីមុនមក។ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទស្សនៈទាំង៥ចំណុច របស់សម្តេចតេជោ ហ៊ុន សែន មានដូចជា៖

* ទី១៖ រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM-សេ្ទម) តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យជ្រើសរើសសិក្សាមុខជំនាញសេ្ទម ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលនៅគ្រប់កម្រិតការអនុវត្តនូវយុទ្ធសាស្រ្តទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ និងការបង្កើតមូលនិធិស្រាវជ្រាវជាតិ សម្រាប់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។

* ទី២៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវជំរុញការរៀបចំក្របខ័ណ្ឌគតិយុត្ត ជាពិសេសការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវតាមវិស័យអាទិភាព ដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិឱ្យឆ្លើយតបបាន ពេញលេញទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជា ការប្រែប្រួលនៃនិន្នាការតំបន់ និងសកល ។

* ទី៣៖ រាជរដ្ឋាភិបាលជំរុញការលើកទឹកចិត្តឱ្យបង្កើន និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ វិស័យឯកជន វិស័យអប់រំ និងដៃគូអភិវឌ្ឍក្នុងការលើកកម្ពស់ប្រព័ន្ធនវានុវត្តន៍កម្ពុជា ។

* ទី៤៖ សម្តេចបានលើកទឹកចិត្តខ្ពស់ដល់គ្រឹះស្ថានឧត្តមសិក្សា បន្តបង្កើតមជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច និងធុរកិច្ចថ្មីសំដៅរួមចំណែកដល់ការលើកកម្ពស់សហគ្រិនភាព និងនវធុរកិច្ចនៅកម្ពុជា។

* ទី៥៖ សម្តេចបានលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិចូលរួមផ្តល់គ្រាប់ពូជមូលធនដល់សហគ្រិន និងនវធុរជន តាមរយៈការដើរតួនាទីជាវិនិយោគិនគ្រាប់ពូជ និងការបង្កើតមូលនិធិទុនឯកជន និងមូលនិធិបណ្តាក់ទុនជាដើម៕