(ពោធិ៍សាត់)៖ លោក កែវ រតនៈ​​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាទេដែលជួយយើង និងមានអ្វីៗទាំងអស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពោលគឺមិនដែលចេះសន្យាចោលទេ គឺត្រូវតែធ្វើមិនទុកយូរនោះឡើយ។

លោក កែវ រតនៈ បានលើកឡើងបែបនេះ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលដងទង់ ក្នុងវត្តតាកែវក្រោម និងពិធីបុណ្យកតញ្ញូកតវេទី ជូនលោកតាលោកយាយ ចាប់ពីអាយុ៦៥ឆ្នាំឡើង ជិត២ពាន់នាក់ មកពីឃុំបឹងកន្ទួត និងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក កែវ រតនៈ​​ បានលើកឡើងថា នេះមិនមែនជាលើកទី១នោះទេ កម្មវិធីបុណ្យកតញ្ញូកតវេទី ជូនចំពោះលោកតា លោកយាយចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ បានអនុវត្តជាង១៥ឆ្នាំមកហើយ តែដោយសារវិបត្តិកូវីដ១៩ ត្រូវបានខកខាន អីឡូវចាប់ផ្តើមឡើងវិញ ក្នុងគោលបំណងគោរពដឹងគុណ និងចម្រើនជន្នាយុលោកតាលោកយាយ នៅក្នុងឱកាសមុនបុណ្យចូលឆ្នាំខាងមុខនេះ។

លោកបានបន្តថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សមិទ្ធផលទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ក៏ដូចទូទាំងខេត្តពោធិ៍សាត់ មានការអភិវឌ្ឍដែលអាចឆ្លុះបញ្ចាំងបានថា សមិទ្ធផលទាំងអស់នេះ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលជួយយើង និងមានអ្វីៗគ្រប់បែបយ៉ាង។ ការរីកចម្រើនទាំងអស់នេះ គឺមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចព្រះសង្ឃគ្រប់វត្តអារាមនោះទេ ដូច្នេះគណបក្សប្រជាជនកម្ពុជា នៅតែបន្តការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតឱ្យកាន់តែសម្បូរបែប និងជឿនលឿនជាងនេះទៅទៀត ទៅតាមដំណាក់កាលនីមួយៗ មិនចេះដើរសន្យានោះទេ ពោលថាគឺត្រូវតែធ្វើ»។

លោក​​ កែវ រតនៈ បានបញ្ជាក់ថា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តការអភិវឌ្ឍសង្គមជាតិ និងរស់នៅយ៉ាងសុខដុមរមនាប្រកបដោយក្តីសង្ឃឹម ក្រោមម្លប់សន្តិភាព និងនយោបាយឈ្នះឈ្នះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ លើមូលដ្ឋាននេះ សូមឱ្យប្រជាពលរដ្ឋបន្តចូលរួមគាំទ្រ និងមានទំនុកចិត្តយ៉ាងមុតមាំ មកលើគណបក្សប្រជាជនកម្ពុជា គឺមានតែគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខ និងជួយអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ធ្វើឱ្យជីវភាពធូរធាកាត់បន្ថយភាពក្រីក្រ។ ភាពពិតជាក់ស្តែងទាំងនេះ បានបញ្ជាក់ច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីវិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងបណ្តាប្រទេសជាមិត្ត។ ខាងមុខនេះ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហេតុនេះសូមបងប្អូនសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

បន្ទាប់ពីបំពាក់មេដាយ ប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន និងព្រះសង្ឃ ដែលបានចូលរួមកសាងវត្តនោះរួចមក ថ្នាក់ដឹកនាំក៏បានអញ្ជើញកាត់ខ្សែបូរណ៍ និងកាត់សីមាព្រះវិហារ ស្របតាមគន្លងនៃព្រះពុទ្ធសាសនា ព្រមទាំងបានរាប់បាតដល់ព្រះសង្ឃនាពេលនោះផងដែរ៕