(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយលើកទី៦ (The 6th Policy Dialogue) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

កិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយលើកទី៦ នេះ, ខាងភាគី កម្ពុជា ដឹកនាំដោយលោក វង្សី វស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងរដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងសមភាគីបារាំង ដឹកនាំដោយលោកស្រី Marie-Helene LOISON អនុប្រធាន ប្រតិបត្តិរបស់ AFD ព្រមទាំងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ និងសហការីទាំងអស់ នៃប្រទេសទាំងពីរ។

កិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ គឺជាយន្តការដ៏សំខាន់មួយ ដែលតែងតែត្រូវបានរៀបចំឡើងរៀងរាល់ ០១ឆ្នាំម្តង ក្នុងគោលបំណងពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការនានា ជាពិសេសទំនាក់់ទំនងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈ AFD។

តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់នេះ ភាគីទាំងពីរនឹងធ្វើការផ្លាស់ប្តូរមតិយោបល់ ទស្សនទាន ចក្ខុវិស័យ និងគោលនយោបាយ អាទិភាពនានា ក៏ដូចជាយុទ្ធសាស្ត្រភាពជាដៃគូ និងបេក្ខភាពគម្រោងអភិវឌ្ឍន៍នានា ដើម្បីកំណត់ទិសដៅគោលនយោបាយ និង យុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ ចំពោះបណ្តាឆ្នាំខាងមុខ ក៏ដូចជាដោះស្រាយ និងបំពេញតម្រូវការខាងផ្នែកអភិវឌ្ឍន៍ របស់កម្ពុជា ជាមួយនឹងធនធាន និងការគាំទ្រហិរញ្ញវត្ថុ ដែលផ្តល់ដោយរដ្ឋាភិបាលបារាំង។

ជារួម កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់ផលប្រយោជន៍ យ៉ាងច្រើនដល់ទំនាក់ទំនង ដ៏យូរអង្វែងរវាងភាគីទាំងពីរ និយាយជារួម និងនិយាយដោយឡែក គឺក្នុងវិស័យជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ស្របតាមឯកភាពគ្នា រវាងសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងលោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ដែរ, បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយលើកទី៦ នេះ, លោក វង្សី វស្សុត ក៏ដឹកនាំគណៈប្រតិភូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា មួយក្រុមទៀត ទៅធ្វើទស្សនកិច្ចសិក្សា អំពីការងារកែងារទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្រសួងសេដ្ឋកិច្ច, ហិរញ្ញវត្ថ, ឧស្សាហកម្ម និងអធិបតេយ្យភាពឌីជីថលរបស់បារាំង ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ផងដែរ។

គោលបំណង នៃការធ្វើទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ល្អៗ ជាមួយភាគីបារាំង អំពីការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ពិសេសការអនុវត្តថវិកាសមិទ្ធកម្ម ដែលជាដំណាក់កាលទី៤ និងជាដំណាក់កាលចុងក្រោយ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល២០ឆ្នាំមកនេះ ហើយទើបត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ ដោយផ្តោតលើផ្នែកទាំងបី នៃវដ្តថវិកា គឺការរៀបចំនិងការអនុម័តថវិកា ការអនុវត្តថវិកា និងប្រព័ន្ធត្រួត ពិនិត្យថវិកា។

ទន្ទឹមនេះ ក៏ដើម្បីត្រៀមរៀបចំការងារអាទិភាពគន្លឹះៗមួយចំនួន ជាពិសេសការជំរុញអនុវត្តនូវច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ដើម្បីធានាឱ្យបាននូវការ អនុវត្តជាមូលដ្ឋាននូវថវិកា សមិទ្ធកម្មយ៉ាងយូរ ត្រឹមឆ្នាំ២០២៦ ដែលក្នុងនោះ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធសំខាន់ៗ សម្រាប់អនុវត្តខ្លឹមសារ គោលនានា ដូចបានកំណត់ ក្នុងច្បាប់នេះ និងការរៀបចំផែនការ យន្តការ និងឧបករណ៍បច្ចេកទេស ចាំបាច់សម្រាប់គាំទ្រ ដល់ការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន ក៏ដូចជាសមត្ថភាពមន្រ្តីជំនាញ ដើម្បីឈានទៅសម្រេច បាននូវចក្ខុវិស័យ នៃការប្រែក្លាយប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបនឹង ឧត្តមានុវត្តន៏អន្តរជាតិ ដែលជាសមាសភាគដ៏សំខាន់មួយ សម្រាប់ការធានា នូវវឌ្ឍនភាព ជាតិតាមបង្គោរចរ ឆ្នាំ២០៣០ ដើម្បីប្រែក្លាយកម្ពុជាទៅកាន់ឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និង ជាប្រទេសចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ៕