(តាកែវ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅស្រុកគិរីវង់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដូចជាអំពើលួច ឆក់ ប្លន់ក្រុមក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យជាប់ជាប្រចាំ និងប្រសិទ្ធភាពខ្ពស់សំដៅជំរុញធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានពេញលេញជូនប្រជាពលរដ្ឋទូទាំងស្រុកគិរីវង់។

ការណែនាំបែបនេះរបស់លោក សុខ សូកាន ថ្លែងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកគិរីវង់ ខេត្តតាកែវ និងប្រកាសសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ។

ពិធីនេះត្រូវបានប្រារព្ធឡើង នាព្រឹកថ្ងៃសៅរ៍ទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានថ្នាក់ស្រុក ឃុំ និងសមាជិកគណៈកម្មាធិការគណបក្សសរុប ប្រមាណជាង ៣០០នាក់។

លោក សុខ សូកាន បានយកឱកាសនេះសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធ និងផ្តល់ការ  គាំទ្រយ៉ាងពេញទំហឹងកន្លងមក ហើយក៏បានអរគុណនិងថ្លែងនូវការកោតសរសើរដោយស្មោះជូនដល់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែល បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដែលគណបក្សបានប្រគល់ជូនពេញមួយអាណត្តិ។

ក្នុងឱកាសនោះ លោក សុខ សូកាន បានបន្តថ្លែងថា ដើម្បីរក្សានូវកិត្យានុភាពស្រុកគិរីវង់ ជាមូលដ្ឋានដ៏រឹងមាំក្នុងការដណ្តើមបានប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងលើមុខ លោក បានដាក់ទិសដៅការងារជាយុទ្ធសាស្ត្រមានចំនួន៥ ជូនក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តាឃុំគណបក្សស្រុក ព្រមទាំងគណបក្សឃុំដូចខាងក្រោម៖

១. ត្រូវពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំងក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីប្រមូលកម្លាំងសរុបយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ,
២. ត្រូវជំរុញការផ្តល់សេវាសាធារណៈ ឲ្យមានគុណភាព និង ប្រសិទ្ធភាពខ្ពស់ ជាអតិបរមា,
៣. ត្រូវជំរុញការធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ឲ្យបានពេញលេញជូនប្រជាពលរដ្ឋទូទាំងស្រុកគិ រីវង់,
៤. ត្រូវបន្តចុះជាប់មូលដ្ឋាន ចិញ្ចឹមចលនា និងទាក់ទាញសមានចិត្តប្រជាពលរដ្ឋ,
៥. ត្រៀមជំរុញការងារយុទ្ធនាការបោះឆ្នោត៕