(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែក បានលើកឡើងថា រយៈពេលកន្លងទៅជំងឺកូវីដ១៩ រាលត្បាតពេញពិភពលោក ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឥតថ្លៃ និងបានផ្សព្វផ្សាយណែនាំ អប់រំដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តវិធានសុខាភិបាលឱ្យខ្ជាប់ខ្ជួនជានិច្ច។

លោក កែវ ពិសិដ្ឋ ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយលោកតា-លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពាំនាំយកបច្ច័យទៅប្រគេនព្រះសង្ឃដើម្បីចូលរួមកសាងសាលាឆាន់ ក្នុងវត្តឧត្តមគិរីវង្សស្រះ ហៅវត្តស្រះ ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣នេះ។

ដោយឡែក លោក កែវ ពិសិដ្ឋ បានរំលឹកបន្ថែមទៀតថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាមមក ការកសាង អភិវឌ្ឍន៍ នៅតាមមូលដ្ឋាន កំពុងរីកចម្រើនពេញផ្ទៃប្រទេស ដូចពេលនេះ គឺដោយសារកត្តាសុខសន្តិភាព ដូច្នោះហើយ យើងត្រូវរួមសាមគ្គីភាព គ្នាថែរក្សា នូវសមិទ្ធផលថ្មីៗដែលមាន និងបន្តការពារគាំទ្រការអភិវឌ្ឍបន្តទៀត។

លោកបានកោតសសើរចំពោះសមិទ្ធផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព ពោលគឺផឹកទឹកកុំភ្លេចប្រភព ជ្រកម្លប់កុំភ្លេចអ្នកដាំ។ ទន្ទឹមនឹងនេះដែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រផងដែរ។

លោក កែវ ពិសិដ្ឋ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យលង់ជឿតាមការញុះញង់របស់ជនអគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឱ្យខ្មែរយើងមានសង្គ្រាម។ ដូច្នេះហើយ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ដោយបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដើម្បីការពារសុខសន្តិភាពមួយនេះ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

ក្នុងឱកាសនោះដែរ លោក កែវ ពិសិដ្ឋ បានប្រគេនបច្ច័យ១០លានរៀល និងស៊ីម៉ងត៍ចំនួន១៥តោន ដើម្បីចូលរួមកសាងសាលាឆាន់ ក្នុងវត្តឧត្តមគិរីវង្សស្រះ ហៅវត្តស្រះ។ លោកក៏បានប្រគេនព្រះសង្ឃ នូវទូរទស្សន៍ និង DTV ១ឈុត និងចែកជូនលោកតាលោកយាយ១០០ម្នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រណាត់ស មួយដុំ និងថវិកា ១ម៉ឺនរៀលផងដែរ៕