(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា ដែលហៅកាត់ថា ក.អ.ក ការធ្វើការថ្កោលទោស ចំពោះការគំរាមកំហែង ទៅលើ​លោក ឌឹម សឿន ភ្នាក់ងារព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍អប្បរា ANN ប្រចាំខេត្ត​មណ្ឌលគិរី ​បន្ទាប់ពីលោក បានចុះយកព័ត៌មាន និងផ្ដិតយករូបភាព នៃសកម្មភាពដឹកជញ្ជូនឈើ ស្ដុកឈើប្រណិត ខុសច្បាប់របស់លោក សួស បូរ៉ា ជាមន្ដ្រីនគរបាល នៃអធិការដ្ឋាន​នគរបាលស្រុកកែវសីមា។

បើយោងតាមសេចក្ដីថ្លែងការណ៍​របស់ ក.អ.ក ដែលចេញថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ បញ្ជាក់ថា លោក ឌឹម សឿន អំឡុងពេលយកព័ត៌មាន និងផ្ដិតយករូបភាពនោះ លោក សួស បូរ៉ា រួមទាំងបក្សពួក បានមកចាប់ក្របូចកអាវ និងគំរាមប្រមាថអាយុជីវិត ប្រសិនបើហ៊ានចុះផ្សាយព័ត៌មានខាងលើនេះ ហើយថែមទាំងឆក់យកទូរស័ព្ទរបស់លោក ហើយលុបរូបទាំងអស់ទៀត។

ក្នុងលិខិតដដែលបន្ដថា ក.អ.ក ចាត់ទុកសកម្មភាពខាងលើនេះ ថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរីភាព និងសុវត្ថិភាពរបស់អ្នកយកព័ត៌មាន ដែលបានបំពេញការងារតាមវិជ្ជាជីវៈ ដែលការពារ​ដោយច្បាប់នៃកម្ពុជា ហើយសូមអំពាវនាវ ដល់សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវរកការពិត និងចៀសវាងការរំលោភបំពានណាមួយ ដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពសារព័ត៌មាន នៅកម្ពុជា។

ជាងនេះទៅទៀត ក្លឹបអ្នកសែតកម្ពុជា សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យប្រកាន់ខ្ជាប់ខ្លូននូវ គោលការណ៍វិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌អ្នកកាសែត ដើម្បីរក្សាបាននូវ​ភាពថ្លៃថ្លូរ​ក្នុងវិជ្ជាជីវៈ និងសូមចូលរួមលើកកម្ពស់វិស័យសារព័ត៌មាន នៅកម្ពុជា។

ការចេញសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីលោក ឌឹម សឿន អ្នកយកព័ត៌មានរបស់ទូរទស្សន៍អប្សរា (ANN) ប្រចាំនៅខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០៧​ ខែកក្កដានេះ បានចូលខ្លួនទៅដាក់ពាក្យបណ្ដឹង នៅសាលាដំបូងខេត្ត ពីបទគំរាមកំហែង និងទាមទារសំណងជម្ងឺចិត្ត៤០លានរៀលផងដែរ ពីឈ្មោះ សួស វ៉ូវ៉ា ជាមន្ដ្រីនគរបាលស្រុកកែវសីម៉ា និងឈ្មោះ សួស អង្គារ ជាមន្ដ្រីនគរបាលវរៈព្រំដែន ព្រមទាំងជាមេឈ្មូញរកស៊ីឈើធំមួយផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ មានករណីគំរាមកំហែងមួយ បានកើតឡើងបន្ទាប់ពី ឈ្មោះ ឌឹម សឿន ជាអ្នកយកព័ត៌មាន ថតបានឈើប្រណិត ខុសច្បាប់ជាច្រើន​ម៉ែត្រ របស់ឈ្មោះ សួស វ៉ូរា ហៅយ៉ាំង ជាមន្ត្រីប៉ូលីស នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងជាមេឈ្មួញឈើធំមួយរូបផងដែរ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រ១៣៥ ក្នុងភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី៕