(សៀមរាប)៖ ដើម្បីត្រៀមខ្លួនចូលរួមអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងពិធីបុណ្យចូលឆ្នាំប្រពៃជាតិខ្មែរនៅខេត្តសៀមរាប នាពេលខាងមុខនេះ គណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរបានរៀបចំសង្ក្រាន្ដសាកលវិទ្យាល័យអង្គរឡើងវិញ បន្ទាប់ពីអាក់ខានរយៈពេលពីរឆ្នាំដោយសារជំងឺកូវីដ-១៩។

នេះជាលើកទី៤នៃសង្ក្រាន្ដ សាកលវិទ្យាល័យអង្គរ-អន្តរជាតិមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ការដាស់ព្រលឹងអង្គរ ក្នុងបំណងពញ្ញាក់ស្មារតីយុវជន និស្សិត ក៏ដូចជាមហាជនទូទៅក្នុងការបង្កើនភាពជឿជាក់ និងហ៊ានទទួលស្គាល់ការពិតនូវអ្វីដែលខ្លួនមានក្នុងពេលបច្ចុប្បន្ន និងត្រូវយល់ថា គ្រប់ស្ថានភាពសង្គមយើងត្រូវផ្សារភ្ជាប់រវាងបច្ចុប្បន្នទៅនឹងអតីតកាល និងអនាគតកាលផងដែរ ដើម្បីពិចារណា និងប្រើប្រាស់អារម្មណ៍ជម្នះជាមួយឧបសគ្គ ដើម្បីសម្រេចគោលដៅនៃជីវិតយើងម្នាក់ៗជាដើម។

លោក ញ៉ិល រដ្ឋា សាកលវិទ្យាធិការសាកលវិទ្យាល័យអង្គរ បានឲ្យដឹងថា ឆ្នាំនេះ បានជាយកប្រធានបទ «ការដាស់ព្រលឹងអង្គរ» ព្រោះថា ដួងព្រលឹងត្រូវបានចាត់ទុកជា ផ្នែកខាងវិញ្ញាណ ឬភាពអរូបិយនៃមនុស្ស ឬសត្វ ហើយវាមានភាពជាអមតៈ។ ម្យ៉ាងបុព្វបុរសខ្មែរ បានបង្ហាញភាពខ្លាំងរបស់ខ្លួនរាប់ពាន់ឆ្នាំមកហើយ ហើយត្រូវបានបង្ហាញតាមរយៈការបន្សល់ទុកនូវវប្បធម៌យ៉ាងសម្បូរបែប ជាពិសេសប្រាសាទថ្មដ៏អស្ចារ្យ។

លោកបានបន្តឲ្យដឹងថា ទោះជាអ្វីៗដែលបានកសាងជាង១,០០០ឆ្នាំមុន ហើយបានបន្សល់ត្រឹមតែអតីតកាលក៏ដោយ ក៏ដួងព្រលឹងអង្គរនៅតែបន្តជាអមតៈជាមួយយើងទាំងអស់គ្នា ដូចនេះការដាស់ព្រលឹងអង្គរឡើងវិញ ជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា។

បើតាមការឲ្យដឹងពីលោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអង្គរ ការរៀបចំឱ្យមានកម្មវិធីសង្ក្រាន្តអន្តរជាតិនេះ គឺដើម្បីបង្កបរិយាកាសឲ្យនិស្សិតជួបជុំគ្នាសប្បាយរីករាយ ថែរក្សាប្រពៃណី ទំនៀមទម្លាប់ សាសនារបស់ដូនតាខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ និងពិធីសាសនានានា និងជាសារផ្សព្វផ្សាយទៅដល់មហាជនទូទៅឲ្យដឹងថា ជិតដល់ពេលចូលឆ្នាំថ្មីប្រពៃណីជាតិហើយ។

លោកបានបន្តថា ជាងនេះទៅទៀត ឆ្នាំនេះជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយគ្នានេះ សាកលវិទ្យាល័យអង្គរការបានត្រៀមរួចជាស្រេចនឹងដឹកនាំក្រុមនិស្សិតទៅចូលរួមក្នុងព្រឹត្តិការណ៍នោះ ជាក់ស្ដែងនៅថ្ងៃទី២៣ ខែមីនានេះ សាកលវិទ្យាល័យបានធ្វើកំណត់ត្រា រាំម៉ាឌីហ្សុន ៤៤៤នាក់ ដើម្បីចូលរួមគាំទ្រជាមួយព្រឹត្តិការណ៍បំបែកឯកត្តកម្មពិភពលោក រាំម៉ាឌីហ្សុន ៣,០០០នាក់ នៃកម្មវិធីអង្គរសង្ក្រាន្ត នាឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខ។

លោក សុខ តុញ បន្តលើកឡើងថា សង្ក្រាន្តអន្តរជាតិ សាកលវិទ្យាល័យអង្គរ ឆ្នាំនេះ ក៏មានរៀបចំវេទិកាប្រឡងចម្រៀងរបស់និស្សិត និងផ្តល់អាទិភាព អាហារូបករណ៏១០០% សម្រាប់សិក្សា៤ឆ្នាំពេញ ដល់បេក្ខភាពលេខ១ និងមានរៀបចំការប្រកួតប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ ឧកញ៉ា សៀង ណាំ របស់កីឡាប្រដាល់អាជីវពមកពីខេត្តនានា និងផ្សេងពីនេះ ក្នុងរយៈពេល៣ថ្ងៃ ក៏មានកម្មវិធីកម្សាន្តជាច្រើនដូចជា ល្បែងប្រជាប្រិយខ្មែរ រាំម៉ាឌីហ្សុន ពូនភ្នំខ្សាច់ លើកទង់ ស្តាប់ព្រះធម៌ទេសនា សម្តែងសិល្បៈខ្មែរ-បរទេស ស្រង់ព្រះ ព្រមទាំងមានស្តង់លក់អាហារ និងរាំកម្សាន្តផងដែរ៕