(ភ្នំពេញ)៖ លោកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានអំពាវនាវដល់កម្មករ និងយោជិកទាំងអស់ដែលក្រុមហ៊ុន ឫរោងចក្ររបស់ខ្លួនបានព្យួរ មានការស្ងប់ចិត្តសិន និងបន្តជឿជាក់ទៅលើប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយនូវបញ្ហាការងារនេះ ដោយទោះបីជាមានរោងចក្រមួយចំនួនបានបិទទ្វារ តែក៏មានរោងចក្រជាច្រើន បានបន្តបើកនិងត្រូវការកម្មក និយោជិកដើម្បីចូលធ្វើការផងដែរ។

លោកស្រី ទេព គឹមវណ្ណារី បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពិធីផ្ទេរដំណែងលេខាធិការរដ្ឋានក្រុមប្រឹក្សាសហជីពអន្តរជាតិសម្រាប់ឆ្នាំ២០២៣ ២០២៤ ឱ្យទៅសហភាពសហជីពកម្ពុជា ដែលពិធីនេះបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ និងដោយមានការចូលរួមពីតំណាង សហភាពសហជីពជាច្រើនរូបផងដែរ។

លោកស្រី ទេព គឹមវណ្ណារី បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ហាកម្មករ និងយោជិក មិនមានការងារធ្វើនេះប្រមុខរាជរដ្ឋាភិបាល គឺមានការយកចិត្តទុកដាក់ជាខ្លាំងទៅលើកម្មករ និងយោជិក ដោយសម្តេចតេជោ ហ៊ុន សែន មិនដែលមានការព្រងើយកន្តើយជាមួយកម្មករ និយោជិកនោះឡើយ ហើយសម្តេចតែងតែជម្រុញឱ្យមន្ត្រីជំនាញយកចិត្តទុកដាក់ឱ្យបានខ្ពស់ ធ្វើយ៉ាងណាឱ្យកម្មករ និយោជិក មានការងារធ្វើនិងមានទំនុកចិត្តឡើងវិញផងដែរ។

លោកស្រី ក៏បានជំរុញឱ្យបងប្អូនកម្មករ និយោជិក កុំជឿលើការញុះញង់របស់អ្នកដ៏ទៃ ដោយត្រូវខិតខំធ្វើយ៉ាងណាខំប្រឹងឱ្យបានល្អនូវការដែលយើងខ្លួនកំពុងតែធ្វើ ហើយចំពោះកម្មករ និងយោជិក ដែលក្រុមហ៊ុនបានព្យួរ ក៏ទទួលបានការឧបត្ថម្ភពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុននូវថវិកាមួយចំនួនផងដែរ។ លោកស្រីបានអះអាងថា សម្រាប់នៅកម្ពុជា ទោះបីជាមានរោងចក្រមួយចំនួន បានបិទទ្វារក៏ពិតមែន តែក៏មានរោងចក្រជាច្រើន បានបន្តបើក និងត្រូវការកម្មក និយោជិកដើម្បីចូលធ្វើការរផងដែរ។

ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលលើកម្មករ និងយោជិកនេះដែរ លោកស្រី ទេព គឹមវណ្ណារី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេសក៏ឆ្លាសវៃនោះ តែងតែយកចិត្តទុកដាក់យ៉ាងដល់កម្មករ និយោជិក ជាពិសេសទៀតនោះគឺទៅលើកិច្ចគាំពារសង្គម និងការសម្រាកលំហែមាតុភាពរបស់កម្មករ និយោជិកផងដែរ តាមរយៈការឱ្យឈប់សម្រាក ដោយមានប្រាក់បៀរវត្សន៍ និងការជួយឧបត្ថម្ភផ្សេងៗទៀតផងដែរ។

បន្ថែមពីនេះលោកស្រី ទេព គឹមវណ្ណារី បានបញ្ជាក់ទៀតថា សម្រាប់អាណត្តិរបស់លោកស្រីកន្លងមកនេះ គឺសហភាពសហព័ន្ធ បានធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើន ទាក់ទងនឹងការចេះជួយគ្នាទៅវិញទៅមក និងការបណ្តុះបណ្តាលទៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាក់ទងនឹងកិច្ចគាំពារសង្គម ទាក់ទងនឹងប្រើប្រាស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីធ្វើយ៉ាងណាជួយថែរក្សាបញ្ហាសុខភាពរបស់កម្មករ និយោជិកឱ្យបានល្អ និងជៀសវាងពីបញ្ហាហានិភ័យជាច្រើនទៀត រួមទាំងបានបើកវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនទៀតផងដែរ៕