​(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធត្រូវជំរុញបន្ថែម លើការផលិតស្រូវពូជសុទ្ធផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការ ដើម្បីគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាព​ល្អប្រសើរជាងមុន​ ដោយសម្តេចបានប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន១០០គ្រឿងដល់ក្រសួងកសិកម្ម សម្រាប់ជួយដល់ការងារផលិតពូជសុទ្ធនេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុង​ឱកាសដែលសម្តេចបានអញ្ជើញបិទសន្និបាត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោបានមានប្រសាសន៍ថា ការផលិតពូជស្រូវសុទ្ធ គឺកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាចម្បង។ ហេតុនេះហើយ សម្តេចបានប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន១០០ គ្រឿង ដល់ក្រសួងកសិកម្ម​ សម្រាប់ចែកជូនសហគមន៍កសិកម្មដែលផលិតស្រូវពូជ ​ដើម្បីជំរុញការផលិតពូជឱ្យបានគ្រប់គ្រាន់។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖​ «កត្តាពូជនេះវាសំខាន់ អ៊ីចឹងត្រូវជំរុញអាហ្នឹង ដើម្បីធ្វើយ៉ាងម៉េចឱ្យពូជរបស់យើងបើកទូលាយ ឱ្យប្រជាពលរដ្ឋរបស់យើងអាចដាំដុះ ហើយពូជនេះគឺជាពូជដែល វាមិនមែនគ្រាន់តែជាតម្រូវការក្នុងស្រុកទេ តែនៅក្រៅស្រុកក៏មានតម្រូវការ ដែលយើងត្រូវបន្តនៅក្នុងដំណើរនេះ»។​

​សូមជម្រាបផងដែរថា នាពេលកន្លងមក ក្រសួងកសិកម្ម និងវិស័យឯកជន ​បានរៀបចំផែនការ ដើម្បីផលិតពូជស្រូវសុទ្ធ ដែលមានគុណភាព ​និងមានតម្រូវការលើទីផ្សារ សម្រាប់ផ្គត់ផ្គង់កសិករទូទាំងប្រទេស​ ​ដើម្បី​​ជួយដល់ប្រជាកសិករឱ្យទទួលបានទិន្នផលស្រូវប្រសើរជាងមុន ទាំងគុណភាព និងបរិមាណ​ ព្រមទាំងទទួលបានប្រាក់ចំណេញខ្ពស់ ខណៈបញ្ហាកង្វះគ្រាប់ពូជសុទ្ធនេះ បានធ្វើឱ្យប៉ះពាល់ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិផងដែរ​ ដោយសារការផ្គត់ផ្គង់របស់កសិករ មករោងម៉ាស៊ីនកិនស្រូវ សម្រាប់កែច្នៃនាំចេញ មានបញ្ហាប្រឈម ជាពិសេសអង្ករសែនក្រអូប និងផ្ការំដួល​។

បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម ធ្លាប់បានឱ្យដឹងថា តាមការសិក្សា ការប្រើប្រាស់ពូជស្រូវដែលសុទ្ធល្អ និងមានគុណភាព ផ្តល់ទិន្នផលចំណេញពី១៥%ទៅ២០% ​លើសពូជស្រូវធម្មតា​៕