(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់ទទួលអគារផ្នែកសង្រ្គោះបន្ទាន់ ក្រោយបានជួសជុល កែលំអ ពង្រីកបន្ថែម និងការប្រគល់រថយន្តគិលាន សង្គ្រោះបន្ទាន់ពីសំណាក់ភាគីថៃ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ថៃ នៃគម្រោមរបស់ទីភ្នាក់សហប្រតិបត្តិការអន្តរជាតិថៃ (TICA)។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី Ureerat Chareontoh អគ្គនាយិកាទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) តំណាងគណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្តបន្ទាយមានជ័យ អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ និងប្រតិភូអមដំណើររបស់ព្រះរាជាណាចក្រថៃ។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តម ពោរពេញបរិយាកាសអធឹមអធម សោមន្សរីករាយ មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយជារួម និងនិយាយដោយឡែក សម្រាប់វិស័យសុខាភិបាលរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ។

ក្នុងឱកាសនោះលោក ទ្បេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ឋាមានជ័យ បានថ្លែងអំណរអគុណចំពោះភាគីថៃ តែងតែយកចិត្តទុកដាក់សម្រាប់វិស័យសុខាភិបាលនៅក្នុងខេត្តបន្ទាយមានជ័យ៕