(ប្រេស៊ីល)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីល លោក Ricardo Barros បានធានាទៅកាន់ពិភពលោកថា ប្រព័ន្ធថែទាំសុខភាពរបស់ប្រេស៊ីល បានដាក់ពង្រាយរួចរាល់ហើយ សម្រាប់​ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុង​ព្រឹត្តិកាណ៍ Olympic Games ជាពិសេសគឺ «សកម្មភាពបង្ការនៅនឹងកន្លែង» ប្រឆាំងនឹងមូស ដែល​បង្ក​ឲ្យកើតមានវីរុស Zika។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួ នៅថ្ងៃទី០៧ ខែកក្កដា។

«ប្រព័ន្ធថែទាំសុខភាព​របស់ប្រេស៊ីល ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវសម្រាប់ទទួលព្រឹត្តិការណ៍ដ៏ធំគឺ Olympic Games ដោយក្នុងនោះគឺមានសេវាបង្ការនៅនឹងកន្លែង, សេវាត្រួតពិនិត្យ​ ២៤ម៉ោង ដោយ​មាន​ការចូលរួមពីគ្រូពេទ្យជំនាញ រួមទាំងសេវាសង្គ្រោះបន្ទាប់​»។ នេះជាសំដីរបស់លោក ​Ricardo Barros បាន​ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានស៊ិនហួ នៅថ្ងៃព្រហស្បតិ៍នេះ។

លោក Barros បានបញ្ជាក់ និងអះអាងថា ហានិភ័យនៃជំងឺ Zika គឺតិចបំផុត ហើយលោកសូមធានាសុវត្ថិ​ភាព​ដល់ភៀវទេសចរអន្តរជាតិទាំងអស់ ដែលនឹងមកចូលរួមនៅក្នុងព្រឹត្តិការណ៍ Olympic Games នៅក្នុង​ប្រទេសប្រេស៊ីល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-២១ ខែសីហា ឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា​ប្រេស៊ីល ជាប្រទេសមួយដែលត្រូវបានគេរកឃើញមានករណីឆ្លងនៃមេរោគ Zika ក្នុង​ចំនួន​​ច្រើនគួរសម្យ ប៉ុន្តែអាជ្ញាធរនៃប្រទេសនេះ បានព្យាយាមលុប​បំបាត់ ខណៈដែលព្រឹត្តិការណ៍ Olympic Games ខិតជិតមកដល់៕