(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈបញ្ជារការឯកភាពស្រុក បានប្រគល់ឯកសណ្ឋានថ្មីដល់ប្រជាការពារជាង៥០នាក់ ដើម្បីជាការលើកទឹកចិត្តចំពោះការរួមចំណែកអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យតែមានប្រសិទ្ធភាព ស្របតាមទិសដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។

ការប្រគល់ឯកសណ្ឋានប្រជាការពារថ្មីនេះត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដែលជាអំណោយរបស់ព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរ និងសប្បុរសជនក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់ព្រះគ្រូដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុកទាំងថវិកា និងកម្លាំងកាយ ដើម្បីធ្វើកិច្ចការមនុស្សធម៌នៅក្នុងស្រុកតាំងគោក មិនថាអាណាចក្រ ឬពុទ្ធចក្រ ព្រះអង្គចូលរួមយ៉ាងសកម្ម ជាក់ស្តែងពេលនេះព្រះអង្គក៏បានឧបត្ថម្ភជាឯកសណ្ឋានដល់ប្រជាការពារ។

លោកអភិបាលស្រុកបានលើកឡើងថា ប្រជាការពារគឺជាអ្នកដែលអាចថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ព្រោះប្រជាការពារ គឺជាប្រជាពលរដ្ឋដែលរស់នៅដោយផ្ទាល់ជាមួយក្រុមគ្រួសារពលរដ្ឋក្នុងភូមិ ឃុំ-សង្កាត់ ហើយបានដឹងច្បាស់អំពីស្ថានភាព មុខរបរ និងការរស់ដែលស្ថិតនៅជិតបំផុតផងដែរ។

លោកអភិបាលបានកោតសរសើរ និងលើកទឹកចិត្តដល់ប្រជាការពារទាំងអស់ និងគាំនូវសកម្មភាពដ៏ប្រសើរក្នុងឆន្ទៈរួមគ្នាអភិវឌ្ឍ និងការថែរក្សាសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមឱ្យប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពក្នុងមូលដ្ឋានជារៀងរហូត។

ជាមួយគ្នានេះ ប្រជាការពារបានរួមចំណែកផ្តល់នូវដំណឹងមិនប្រក្រតីដែលបាន កើតឡើងក្នុងមូលដ្ឋានមាន ដូចជា បទល្មើសគ្រឿងងញៀន ក្មេងទំនើងដែលធ្វើឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា និងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។

ក្រុមប្រជាការពារក៏បានសម្តែងក្តីរីករាយ ដោយបានលើកឡើងព្រមៗគ្នាថា បើទោះបីជាពួកគាត់មិនមានប្រាក់ខែក្តី ប៉ុន្តែពួកនៅតែពេញចិត្តស្ម័គ្រចិត្តការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងភូមិរស់នៅដោយមិនព្រួយបារម្ភ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការចាត់តាំងចលនាការពាសន្តិសុខមាតុភូមិ ឬហៅថាប្រជាការពារក្នុងគោលដៅពង្រឹងវិធានការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងធ្វើការអនុវត្តគោលនយោបាយភូមិមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពកើនឡើងទ្វេរដង ជាពិសេសបំផុសនូវស្មារតីស្រឡាញ់ជាតិមាតុភូមិរបស់ពលរដ្ឋគ្រប់រូបឱ្យចេះសាមគ្គី និងមានមនសិការខ្ពស់ក្នុងសកម្មភាពចូលរួមអភិវឌ្ឍ និងថែរក្សាសន្តិសុខក្នុងមូលដ្ឋានរៀងៗខ្លួន៕