(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារ និងការវិវត្តថ្មីៗដែលមន្ត្រីខេត្តទាំងអស់គ្នាបានខិតខំប្រឹងប្រែងសម្រេចបាន។

ពិធីនេះប្រារព្ធធ្វើឡើងនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏មានការចូលរួមពីតំណាងប្រធានសាលដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត អភិបាលរងខេត្ត មេបញ្ជាការប្រតិបត្តិការសិករងខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញនានាជុំវិញខេត្ត អង្គការនានាជុំវិញខេត្ត លោកអភិបាល-អភិបាររងក្រុង-ស្រុកទាំង៩ លោកមេឃុំ-ចៅសង្កាត់ទាំង៦៧ និងស្មៀនឃុំជាច្រើនរូប។

លោក អ៊ុំ រាត្រី បានលើកឡើងថា សន្និបាតនាពេលនេះ គឺជាឱកាសដ៏សមស្របសម្រាប់មន្ត្រីទាំងអស់គ្នាត្រួតពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារ និងការវិវត្តថ្មីៗ ដែលមន្ត្រីខេត្តទាំងអស់គ្នាបានខិតខំប្រឹងប្រែងសម្រេចបាន ដោយផ្អែកតាមក្របខណ្ឌនៃតួនាទីភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត កិច្ចសហការសម្របសម្រួលរវាងស្ថាប័នថ្នាក់ជាតិ និងផ្នែកជំនាញនៅថ្នាក់ក្រោមជាតិ ព្រមទាំងការចង្អុលដឹកនាំជាគន្លឹះពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។

លោកបន្តទៀតថា ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចកិច្ចការទាំងនេះបានកាន់តែជោគជ័យ ទាមទារឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់មានសមត្ថភាពគ្រប់គ្រាន់ និងសមស្របដើម្បីអាចអនុវត្តមុខងារ និងសិទ្ធិអំណាចដែលទទួលបានពីថ្នាក់ជាតិកាន់តែល្អប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនានារបស់ប្រជាពលរដ្ឋ និងមូលដ្ឋាននីមួយៗដែលអាចមានលក្ខណៈខុសៗគ្នា។ សមិទ្ធផលដ៏សំខាន់ និងមានលក្ខណៈជាប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ គឺការកែសម្រួលរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធបានបន្តបង្កើនកិច្ចសហការក្នុងការថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ ដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

ជាក់ស្ដែងក្នុងឆ្នាំ២០២២កន្លងទៅនេះ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្វីបើគ្រោះថ្នាក់ចរាចរណ៍មានកំណើនបន្តិច បន្ទាប់ពីការបើកប្រទេសឱ្យដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ប៉ុន្តែអាជ្ញាធរបានកត់សម្គាល់ឃើញមានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបទរបស់អ្នកប្រើប្រាស់ផ្លូវក្នុងការគោរពច្បាប់ និងការរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។

លោកបញ្ជាក់ទៀតថា ការផ្តល់សេវាតាមច្រកចេញចូលតែមួយនៅថ្នាក់ខេត្ត ក្រុង ស្រុកត្រូវបានពង្រីកវិសាលភាព និងពង្រឹងគុណភាព ដោយបានដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៅគ្រប់រដ្ឋបាលក្រុង ស្រុក។ ក្នុងឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃបានដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយនៅថ្នាក់រដ្ឋបាលឃុំ សង្កាត់បន្ថែមទៀត សំដៅលើកកម្ពស់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែកៀកជាប់នឹងមូលដ្ឋាន ឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕