(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យត្រូវគោរពក្រុមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងអនុវត្តតាមច្បាប់របបអ្នកសារព័ត៌មាន។

ការលើកឡើងនេះថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីវិជ្ជាជីវៈអ្នកសារព័ត៌មាននៅសាលាខេត្តកំពង់ធំ ដែលមានអ្នកចូលរួមជិត១០០នាក់ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

អភិបាលខេត្តកំពង់ធំបន្ថែមទៀតថា សារព័ត៌មានប្រៀបដូចជាចំណីអាហារដែលមិនអាចខ្វះបានក្នុងការតាមដានព័ត៌មាន សភាពការណ៍នៅក្នុងសង្គមដែលបានកើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះអ្នកសារព័ត៌មានទាំងអស់ ការសរសេរព័ត៌មាន ត្រូវពិនិត្យអក្ខរាវិរុទ្ធ ខ្លឹមសារឲ្យបានហើយបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ មុននឹងចេញផ្សាយជាសាធារណៈ ជាពិសេសអ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត។

លោក ងួន រតនៈ ក៏បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានខេត្ត សមាគមសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ហេីយក៏បានផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មានទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតក្នុងការប្រកបរបរវិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ដែលមិនទាន់បានចុះបញ្ជីនៅមន្ទីរព័ត៌មាន សូមទៅចុះបញ្ជីឲ្យបានគ្រប់ៗគ្នា។

លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំផ្សព្វផ្សាយព័ត៌មានការរីកចម្រើនរបស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលផងដែរ៕