(ភ្នំពេញ)៖ នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានរៀបចំពិធីដុតកម្ទេចចោលនូវទំនិញខូចគុណភាព សរុប៩២២កេស ដែលធ្វើការរឹបអូសបាននៅពេលកន្លងមក។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ថ្នាក់ដឹកនាំកាំកុងត្រូល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅក្នុងទីលានចាក់សំរាម សង្កាត់ដង្កោ ខណ្ឌដង្កោ។

វត្ថុតាងដែលនឹងដុតកម្ទេចចោលនៅនាពេលនេះ រួមមាន Vina Cafe ២៤០កេស ២០បាវ, Cool Tea ៧០កេស, Cafe ពោត Day to Day១៤៨កេស, ទឹកត្រី Hao Huong៤០៤កេស, មេស្រា៤០ដប ដែលកម្លាំងសមត្ថកិច្ចចម្រុះធ្វើការរឹបអូសបាន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦កន្លងមក នៅចំណុចផ្ទះលេខB១៩-B២០ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានម្ចាស់ជាជនជាតិវៀតណាមឈ្មោះ វិន យៀកលិន អាយុ២៣ឆ្នាំ។

សូមបញ្ជាក់ថា ទំនិញដែលខូចគុណភាពទាំងនេះ វាផលប៉ះពាល់ខ្លាំងណាស់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋ​ បានទិញយកទៅទទួលទាន ដោយខ្វះការគិត ពិចារណា។ ការដុតកម្ទេចនេះដែរ ធ្វើឡើងស្របពេលដែរប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តែងតែចោទសួរថា តើសមត្ថកិច្ចនៅពេលដែល បង្ក្រាបបានទំនិញខូចគុណភាពហើយ យកទៅណាដែរ?៕