(បន្ទាយមានជ័យ)៖ ក្មេងពាល៤នាក់ គ្រាន់តែគេជិះម៉ូតូវ៉ាសោះ ស្រាប់តែទាញកាំបិតផ្គាក់បំរុងកាប់ប្លន់យកម៉ូតូ។ ភ្លាមៗជនរងគ្រោះឃើញទាន់ ភ័យផ្តួលម៉ូតូចោលគេចខ្លួន មកប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួនបាន៣នាក់ និងគេចខ្លួនម្នាក់។ រឿងនេះកើតឡើងនៅវេលាម៉ោង៥ល្ងាច នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅម៉ោងកើតហេតុនោះ ជនរងគ្រោះឈ្មោះ ហ៊ន ណារ័ត្ន ហៅឆក ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជូនមិត្តភ័ក្រ ពីអូរបីជាន់មកក្រុងប៉ោយប៉ែត ដោយមិត្តភ័ក្រមានប្រុស១នាក់ និងស្រី២នាក់ ពេលជិះម៉ូតូ ម៉ាកហុងដាឌ្រីម C125 ពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1Y-9877 ជិះមកដល់ចំណុច កាស៊ីណូឆៃណាថោន ស្ថិតភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

ជនរងគ្រោះបានជិះវ៉ាម៉ូតូ២គ្រឿង ដែលមានគ្នា៤នាក់ ទៅមុខបន្តិចម៉ូតូបានបែកកង់ ហើយអែបកៀន ស្រាប់តែក្មេងទាំង៤នាក់ ម្នាក់បានដកផ្គាក់ដើរមកបំរុងកាប់ជនរងគ្រោះ ដើម្បីយកម៉ូតូ ស្របពេលនោះ ជនរងគ្រោះបានឃើញទាន់រត់គេច ចំណែកក្មេងពាលទាំង៤នាក់បានជិះម៉ូតូជនរងគ្រោះទាំងបែកគេចខ្លួនបាត់ ជនរងគ្រោះបានមកដាក់ពាក្យប្តឹងសមត្ថកិច្ច។

ពេលបានទទួលព័ត៌មានហើយ សមត្ថកិច្ចចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រត់គេចបាត់ម្នាក់ ១៖ ឈ្មោះ រឿន ទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជាដៃដល់ ២៖ ឈ្មោះអឿន សុភ័ណ ហៅខ្លា ស ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្ដុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាម្ចាស់ម៉ូតូហុងដាវ៉េវ ៣៖ ឈ្មោះ ឃឿត ថៃសាន ហៅត្រេន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួនហើយ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតចង់កាប់ជនរងគ្រោះដើម្បីយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ជា ភេទប្រុស អាយុប្រហែល២២ឆ្នាំ ផ្ទះនៅខាងភ្នំសំពៅ ខេត្តបាត់ដំបង បានរត់គេចខ្លួន កម្លាំងជំនាញ បានកំពុងស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ ជាមុខសញ្ញា កាប់យកម៉ូតូកាប់អ្នកដ៏ទៃ និងឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែតកន្លងមក។ ជនសង្ស័យសមត្ថកិច្ច បានបញ្ជូនមកស្នងការ ដើម្បីរៀបចំឯកសារបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ទៅឲ្យម្ចាស់ដើមវិញហើយ៕