(ព្រះវិហារ)៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារភូមិឃុំសង្កាត់មានសុវត្ថិភាពខេត្តព្រះវិហារ បាននាំដល់ថ្នាក់ដឹកនាំស្រុករវៀង ត្រូវយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន ដើម្បីធានាបានប្រសិទ្ធិភាពនូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ការថ្លែងរបស់លោក អ៊ុំ ម៉ារ៉ា ក្នុងឱកាសដែលលោកចូលរួមដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលស្រុករវៀង ដោយមានការ ចូលរួមពីលោកអភិបាលរងខេត្តព្រះវិហារ និងលោក ហោ ប៊ុនហួរ អភិបាលស្រុករៀង ព្រមទាំងថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ ប្រជាការពារភូមិជាច្រើនរូបទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានថ្លែងថា រដ្ឋបាលស្រុកបានផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានចំនួន៧៤៦លើក លើឃុំទាំង១២ទូទាំងស្រុក ប្រជាពលរដ្ឋចូលរួម ចំនួន៨៤,៧៧៧នាក់ ក្នុងនោះស្រី៤៩,៥៤៣នាក់។

ធ្វើវេទិកាសាធារណៈចំនួន១២៧០លើក លើឃុំទាំង១២ ប្រជាការពារទូទាំងឃុំទាំង១២ មានចំនួន៦៨៤នាក់ ស្មើ៥៧ក្រុម ក្នុងនោះមានប៉ុស្តិ៍ប្រជាការពារចំនួន១៩ប៉ុស្តិ៍ មានប៉ុស្តិ៍ធ្វើសកម្មភាពអចិន្ត្រៃយ៍ចំនួន ៥៧ក្រុម។ លទ្ធផលប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងចំណោមឃុំទាំង១២ទូទាំងស្រុករវៀង គឺមានឃុំចំនួន១១ ទទួលបានចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់លេខ២ ចំនួន១ឃុំ។

អភិបាលស្រុករវៀងបានថ្លែងទៀតថា សម្រាប់ទិសដៅបន្ត នឹងជំរុញការផ្សព្វផ្សាយការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពជាប្រចាំដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានក្នុងស្រុក ជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ ទាំងផ្នែកបរិមាណនិងគុណភាព ប្រសិទ្ធភាព តម្លាភាព ជំរុញការយកចិត្តទុកដាក់ដោះស្រាយវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដោយចាត់ទុកការងារនេះជាការងារអាទិភាព ពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ភូម ឃុំ ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ។

នៅក្នុងឱកាសនោះលោក អ៊ុំ ម៉ារ៉ា បានថ្លែងប្រាប់ឱ្យយកចិត្តទុកដាក់ស្វែងយល់ ដើម្បីដឹងពីសារបាននៃការរៀបចំចលនាប្រឡងប្រណាំងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ស្វែងយល់បន្ថែមអំពីខ្លឹមសារប្រឡងប្រណាំង គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ស្វែងយល់ពីបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគរបាល និងប្រជាការពារផ្សព្វផ្សាយឲ្យយល់ពីបញ្ហប្រឈម ដែលផ្តើមចេញ ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖

*ការកែសម្រួលសេចក្តីសម្រេចក្រុមប្រឹក្សាប្រឡងប្រណាំង នៅថ្នាក់ស្រុក និងថ្នាក់ឃុំ
*រៀបចំបង្កើតលេខាធិការរដ្ឋានគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ថ្នាក់ស្រុក
*រៀបចំគម្រោងផែនការ ថវិកា សកម្មភាពប្រចាំឆ្នាំ២០២៣
*ត្រូវរកឲ្យឃើញនូវរដ្ឋបាលឃុំ ណាដែលលេចធ្លោក្នុងការប្រឡងប្រណាំង ដើម្បីទទួលបានចំណាត់ថ្នាក់
*យកចិត្តទុកដាក់ និងលើកទឹកចិត្ត ដល់កម្លាំងប្រជាការពារនៅតាមមូលដ្ឋាន៕