(ភ្នំពេញ)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៦នេះ បានប្រារព្ធបុណ្យរុក្ខទិវាដាំដើមឈើ និងចែកជូនកូនឈើជូនដល់ប្រជាពលរដ្ឋនៅទីតាំងវិទ្យាល័យ ជា ស៊ីម ស្ថិតនៅភុមិស្វាយត្រៃ នៅឃុំជាច ស្រុកកំចាយមារ ប្រមាណ២០០០ដើម មានដូចជា ប្រភេទឈើ ក្រញូង បេង ច្រេស កកោះ គគីរ ឈើទាល និងកូនឈើហូបផ្លែ ខ្នុរ ស្វាយ ម្រុំ ស្តៅ។

ក្នុងឱកាសប្រារព្ធបុណ្យរុក្ខទិវាដាំដើមឈើ លោក ជា សុមេធី បានថ្លែងថា «បុណ្យរុក្ខទិវា នេះធ្វើឡើង ក្នុងគោលបំណងដើម្បីអំពាវនាវឲ្យមនុស្សជាតិទាំងអស់ ចូលរួមថែរក្សាការពារ បរិស្ថាន​ធម្មជាតិ ក៏ដូចជាបំផុសឲ្យយើងទាំងអស់គ្នា បានយល់ដឹងអំពីផលប្រយោជន៍នៃព្រៃឈើ ព្រមទាំងនាំគ្នាដាំដើមឈើឡើងវិញ ទាំងនៅទីសាធារណៈ ក៏ដូចជានៅតាមគេហដ្ឋាន»

លោកអភិបាលខេត្ត បានបន្តទៀតថា «ធនធានព្រៃឈើជាតិមិនគ្រាន់តែតម្លៃផ្នែកសេដ្ឋកិច្ច និងការប្រើប្រាស់ប៉ុណ្ណោះទេ  តែនៅមានតម្លៃផ្សេងៗទៀត ជាច្រើនដូចជា តម្លៃបរិស្ថាន វប្បធម៌ប្រវត្តរិសាស្រ្ត ទេសចរណ៍ ការសិក្សាស្រាវជ្រាវប្រពន្ធ័ការពារដី ការទប់ស្កាត់មិនឲ្យមានភាពរហោលដ្ឋាន ឬអោនភាពដីប្រពន្ធ័ការពារជីវៈចំរុះ ផ្តល់ជំរកដល់មនុស្សនិងសត្វ លើផែនដីនេះ ការចូលរួម យ៉ាងច្រើនកុះករ​របស់ប្រជាពលរដ្ឋ នាពេលនេះបានបង្ហាញឲ្យឃើញយ៉ាងប្រខ្ជះ នូវការគាំទ្ររបស់បងប្អូនចំពោះចលនាដាំដើមឈើ ដែលយើងអាច​ចាត់ទុកថា ជាកាតព្វកិច្ច ដ៏ចម្បងផ្សារភ្ជាប់ និងសេចក្តីត្រូវការ ដ៍ចាំបាច់ក្នុងជីវភាពរបស់បងប្អូន ប្រជាកសិករក្នុងការប្រកបរបបទទួលទាន និងនាំមកនូវគំរប បៃតងដ៍សែនមនោរម្យ»

លោកសូមអំពាវនាវឲ្យមានការដាំដើមឈើនៅតាមទីសាធារណៈ វត្តអារាម លំនៅដ្ឋាន ឬនៅតាមដងផ្លូវនានា ពីព្រោះព្រៃឈើមានសារៈសំខាន់ណាស់ ជួយថែរក្សា លំនឹងបរិស្ថាន  បរិយាកាសល្អបរិសុទ្ធ ជាទីដ្ឋាដ៏មនោរម្យ មានអត្ថប្រយោជន៍ខ្លាំងណាស់ មិនត្រឹមសម្រាប់ផ្តល់ម្លប់ជ្របកោន អុស ធ្យូង សំរាប់ដុត និងសម្រាប់ធ្វើជាសម្ភារប្រើប្រាស់ ផ្ទះសំបែង សាលារៀន វត្តអារាម និងសំណង់​ផ្សេងៗ​ប៉ុណ្ណោះ​ទេ សម្រាប់ធ្វើគម្របដី ដាំទប់ការហូរច្រោះ ដាំជាម្លប់ ដាំផ្តល់ជីវជាតិដល់ដីស្រែចម្ការ ស្រូបយកឧស្ម័នការបូនិក  សំអាតបរិស្ថានរបស់យើង ឲ្យមានពណ៌បៃតង និងស្រស់បំព្រងទៀតផង ហើយយកផ្លែសម្រាប់ពិសារ ឬលក់ដូរ ដាំដើម្បីបង្កើននូវប្រាក់ចំណូលផងដែរ៕