(បាត់ដំបង)៖ សាខាពន្ធដារខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬកាន់កាប់អចលនទ្រព្យ និងលើពន្ធចំណេញមូលធន ជនអ្នកជាប់ពន្ធ និងសាធារណៈជន ដែលបានធ្វើឡើងក្រោមវត្តមានលោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ហេង ជំនិត ប្រធានសាខាពន្ធដារខេត្តបាត់ដំបង និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, ក្រុង, ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, អភិបាលក្រុង មន្ត្រី ពន្ធដារខេត្ត, ចៅសង្កាត់,ស្មៀនសង្កាត់ និងអាជីវករសរុប ១៤៦នាក់។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោក ហេង ជំនិត ក៏បានឡើងពន្យល់ និងបកស្រាយជូនអង្គសិក្ខាសាលា បានស្តាប់ ដើម្បីយល់ច្បាស់ ពីច្បាប់ពន្ធដារ បានកំណត់រួចមក និងការតព្វកិច្ចរបស់អ្នកជាប់ពន្ធ ក្នុងនោះ ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬកាន់កាប់អចលនទ្រព្យ និងលើពន្ធចំណេញមូលធនផង។

លោកអះអាងថា សាខាពន្ធដារខេត្តបានធ្វើសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ដើម្បីជូនដំណឹងដល់ថ្នាក់នាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ អ្នកជាប់ពន្ធ ទាំងពីរប្រភេទ បានស្តាប់ និងយល់ច្បាស់ ពីការតព្វកិច្ចរបស់ខ្លួន និងកាន់តែងាយយល់ជាងមុនដល់ពួកគាត់។

នាឱកាសនោះដែរ លោក ផេង សិទ្ធី ក៏បានផ្តាំផ្ញើដល់សមាជិកអង្គសិក្ខាសាលាយកចិត្តទុកដាក់ស្តាប់ ដើម្បីយល់ដឹង និងយកទៅផ្សព្វផ្សាយបន្ត នូវអ្វីដែលមន្រ្តីពន្ធដារឡើងធ្វើបទបង្ហាញ ពន្យល់តាមការបញ្ចាំងស្លាយផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបានធ្វើសិក្ខាសាលានៅក្រុងបាត់ដំបងហើយ មន្រ្តីជំនាញពន្ធខេត្ត ក៏បានចែកជាក្រុមការងារចុះតាមបណ្តាស្រុកទាំង១៣ជាបន្តបន្ទាប់ទៀត ដើម្បីបន្តផ្សព្វផ្សាយឲ្យអាជ្ញាធរ អ្នកជាប់ពន្ធ អ្នកពាក់ព័ន្ធ បានយល់ដឹងពីច្បាប់ពន្ធដារនេះ យកអនុវត្តទៅលើពលរដ្ឋគ្រប់រូបផងដែរ៕