(ភ្នំពេញ)៖ ​ឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិការកងទ័ពជើងគោក នៃតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងថា ទោះបីជាព្រឹត្តិការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏មិត្តភាពដែកថែបរវាងចិននិងកម្ពុជា មិនប្រែប្រួលជារៀងរហូត។ កងទ័ពចិន ក៏បានអះអាងពីការបន្តពូតដៃប្រកៀកស្មា ខិតខំកសាងសហគមន៍រួមវាសនាតែមួយចិននិងកម្ពុជា នៅយុគសម័យថ្មីនេះផងដែរ។

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ កងទ័ពកម្ពុជា-ចិន បានបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥។ សមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារ​សន្តិសុខ​ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ស្ថិតនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីបើកសមយុទ្ធនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង​ឧត្តមសេនីយ៍ទោ ឈិន មិនធានន។

​ឧត្តមសេនីយ៍ទោ ឈិន មិនធានន បានថ្លែងទៀតថា សមយុទ្ធលើកនេះ កងទ័ពទាំងពីរមិនត្រឹមតែអាចផ្លាស់ប្តូរ និងលើកកម្ពស់លើមេរៀនក្នុងប្រតិបត្តិការការពារសន្តិសុខក្នុងប្រតិបត្តិការធំៗ ក្នុងសកម្មភាពយោធាប៉ុណ្ណោះទេ ថែមទាំងបង្កើតការយល់គ្នាទៅវិញទៅមក លើគោលគំនិត​និងវប្បធម៌ ពង្រឹងនិងពង្រីក មិត្តភាពជាប្រពៃណីចិននិងកម្ពុជា ឲ្យកាន់តែត្រចេះត្រចង់។ បន្ថែមលើនេះ សមយុទ្ធក៏ជួយពង្រីកកិច្ចសហប្រតិបត្តិការយោធា ឲ្យកាន់តែស៉ីជម្រៅទៀតផង។

សមយុទ្ធនាគមាសលើកទី៥នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និង​ដើម្បី​​លើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណង​គំរាមកំហែង​ដល់នរណា ឬប្រទេសណាឡើយ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ពចិនមានចំនួន ២៥៧នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរ​ណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។

លោកបន្តថា សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ​ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាល​ចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងារ​រួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតបទៅនឹង​បញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។

​ឧត្តមសេនីយ៍ទោ ឈិន មិនធានន បានថ្លែងដែរថា ប្រតិបត្តិការនេះកើតចេញពីការកសាងសហគមន៍ជោគវាសនាតែមួយកម្ពុជា-ចិន នាយុគសម័យថ្មី សម្រេចដោយលោកប្រធានាធិបតីចិន ស៉ី ជិនពីង និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

ប្រតិបត្តិការនេះនឹងប្រព្រឹត្តទៅដោយរលូននិងជោគជ័យ បន្តពង្រឹងមិត្តភាពប្រពៃណីកម្ពុជា-ចិន។ កម្ពុជានិងចិនជាអ្នកជិតខាងល្អ មានប្រវត្តិនៃមិត្តភាពយូរលង់ ជាដៃគូល្អដែលជឿទុកចិត្តគ្នាទៅវិញទៅមក ជាបងប្អូនប្រៀបដូចដៃនិងជើង ជាមិត្តស្គាល់ចិត្តស្គាល់ថ្លើមគ្នា។

​ឧត្តមសេនីយ៍ទោ ឈិន មិនធានន ថ្លែងទៀតថា ទំនាក់ទំនងការទូតរយៈពេល៦៥ឆ្នាំនេះមក មិត្តភាពប្រពៃណីកម្ពុជា-ចិន គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិសម័យថ្មី។ នាយុគសម័យថ្មី ទំនាក់ទំនងកម្ពុជា-ចិនបានទទួលការអភិវឌ្ឍថ្មី។

ក្នុងប្រតិបត្តិការសមយុទ្ធនេះ កងទ័ពកម្ពុជា-ចិន អាចផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក លើមេរៀនប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំ និងសកម្មភាពយោធា ព្រមទាំងបង្កើនការយល់គ្នាទៅវិញទៅមកលើគោលគំនិតវប្បធម៌ ពង្រឹងនិងពង្រីកមិត្តភាពប្រពៃណីកម្ពុជា-ចិនឱ្យកាន់តែត្រចះត្រចង់។

បើតាម​ឧត្តមសេនីយ៍ទោ ឈិន មិនធានន សមយុទ្ធនាគមាស ជាគំរូដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន បានរៀបចំដោយជោគជ័យចំនួន៤លើករួចមកហើយ។ លោកបន្តថា ភាគីចិនបានចាត់កងទ័ពជើងទឹកចិត្តឱ្យទទួលខុសត្រូវក្នុងការដឹកជញ្ជូនកងកម្លាំង និងយុទ្ធោបករណ៍ ដែលបានធ្វើលំហាត់នាវាចរ និងទូរគមនាគមន៍លើផ្ទៃសមុទ្ធជាមួយកងទ័ពកម្ពុជា។

សូមជម្រាបថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងចំនួន៤លើករួចមកហើយ។ ធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២​ដោយ​សារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕