(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៉ីស្លាមកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនដល់សាសនិកអ៉ីស្លាមទូទាំងប្រទេស ពីថ្ងៃនៃការកំណត់ចូលបួស ពោលគឺនៅថ្ងៃស្អែកទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។

នេះបើយោងតាមសេចក្ដីប្រកាស របស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៉ីស្លាមកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។

សូមជម្រាបថា ខែបួសនេះ គឺគេហៅថាជាខែរកម៉ាទោន ត្រូវនឹងឆ្នាំ ១៤៤៤ មូហាម៉ាត់សករាជ ដែលការបួសនេះមានរយៈពេលពេញមួយខែ ហើយការចាប់ផ្ដើមអំណត់បួស គឺសាសនិកអ៉ីស្លាមកម្ពុជា ត្រូវចាប់ផ្ដើមបញ្ឈប់ការទទួលទានគ្រប់បែបយ៉ាង រាប់ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច ទើបអាចទទួលទានវិញបានធម្មតា ទៅតាមការកំណត់នៃច្បាប់សាសនាអ៉ីស្លាម។

ការបួសនេះ មិនមែនជាការធ្វើបាបខ្លួនឯងនោះទេ ពោលគឺជាការហាត់ពត់លត់ដំគោលជំនឿរបស់សាសនិកអ៉ីស្លាម ក៏ដូចជាការថែទាំសុខភាព និងការអប់រំផ្លូវចិត្ត និងលើកទឹកចិត្តផ្នែកមនុស្សធម៌ជាដើម។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសអនុញ្ញាតដល់សាសនិកអ៉ីស្លាមជាង៦ពាន់នាក់ នឹងចូលស្រាយបួសជាមួយសម្ដេចនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ ដើម្បីជាការរឹតចំណងសាមគ្គីភាពកាន់តែល្អប្រសើរឡើងក៏ដូចជាការចូលរួមអបអរសាទរជាមួយនឹងសាសនិកអ៉ីស្លាមដែលកំពុងតែចូលកាន់អំណត់បួសនេះផងដែរ៕