(ក្រចេះ)៖ បុរស២នាក់ឆក់ត្រី ឆ្លងចរន្ដឆក់ខ្លួនឯងស្លាប់ ត្រូវប្រទះឃើញសាកសពក្នុងទឹក កាលពីម៉ោង៨ព្រឹក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចអូរសន្ទះ ភូមិអូរទេវតា ឃុំកំពងដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកឆ្លូង បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ នៅថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ពួកគាត់ទាំងពីរនាក់ បាននាំគ្នាទៅឆក់ត្រី នៅចំណុចអូរសន្ទុះ ភូមិអូរទេវតា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ តែពុំមានអ្នកណាដឹងទេ លុះបាត់ជនរងគ្រោះទាំង២នាក់ មួយយប់ទើបក្រុមគ្រួសារ នាំគ្នាដើររកនឹងប្រទះឃើញស្លាប់ នៅក្នុងទឹកអូរកន្លែងកើតហេតុ ដោយនៅដៃជនរងគ្រោះ មានកាន់ជាប់ឧបករណ៍សំរាប់ឆក់ត្រីផង។

ជនរងគ្រោះមានឈ្មោះ៖ ទី១ ឈ្មោះថោង វុត្ថារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ, ទី២ ឈ្មោះ សឿន ស៊ីថុន ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិអូរទេវតា ឃុំកពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

តាមរបាយការណ៍បញ្ជាក់ទៀតថា ក្នុងករណីប្រទះឃើញសាកសពស្លាប់ ក្នុងទឹកទាំង២នេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយកំលាំងប៉ុស្តិរដ្ឋបាលកំពង់ដំរី ចុះដល់កន្លែង កើតហេតុពិនិត្យសាកសព ហើយអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ត្រីរួចឆ្លងចរន្តឆក់ខ្លួនឯង ពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕