(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានថ្លែងប្រាប់ Fresh News ថា សាលដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គ្រាន់តែជាជួងយុទ្ធសាស្ត្រនយោបាយ ដែលគាស់ឲ្យប្រទេសគាំទ្រខាងបស្ចឹមលោក បន្ទរសំឡេងនយោបាយការទូតបន្ថែម សង្កត់ទៅលើ លោក ពូទីន ប្រធានាធិបតីរុស្ស៉ី តែប៉ុណ្ណោះ។

កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ICC បានប្រកាសពីការចេញសាលដីកាចាប់ខ្លួនលោក ពូទីន ជុំវិញការចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។ ភ្លាមៗនោះ វិមានក្រឹមឡាំងបានចេញមុខទាត់ចោលដីកាខាងលើ ដោយចាត់ទុកវាជាមោឃៈ ខណៈរុស្ស៉ីមិនមែនជាភាគីនៅក្នុង ICC នោះឡើយ។

យោងតាម ICC សាលដីកាចាប់ខ្លួន លោក ពូទីន ខាងលើគឺសម្រាប់ការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បញ្ចូនកុមារ​ដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ ក្រុងមូស្គូបានបដិសេធការចោទប្រកាន់ដែលថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅ អំឡុងសង្រ្គាមនៅអ៊ុយក្រែន។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា «ICC ចេញសាលដីកានេះ គ្រាន់តែជាជួងយុទ្ធសាស្ត្រនយោបាយ គាស់ឲ្យប្រទេសគាំទ្រខាងបស្ចឹមលោក មានកម្លាំងនយោបាយបន្ថែម។ បន្ទរសំឡេងនយោបាយការទូតបន្ថែម សង្កត់ទៅលើពូទីន តែលោកមិនភ្ញាក់ផ្អើលទេ ព្រោះបានដឹងពីគោលបំណងហើយ។ សម្រាប់ពូទីន ជួងចេះតែបន្លឺ អ្វីគាត់ធ្វើគឺនៅតែធ្វើ ហើយថែមទាំងផ្គើនធ្វើដំណើរទៅដែនដីដែលគាត់ដណ្តើមបាន (ពីអ៊ុយក្រែន)»

សាលដីការបស់ ICC និងការបំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងម៉ារីយូប៉ូល (Mariupol) ទឹកដីរបស់អ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ទាហានរុស្ស៉ី កាលពីទី១៩ ខែមីនា ឆ្នាំ២០២៣ ត្រូវបានលោកបណ្ឌិត យង់ ពៅ យល់ថា ជាការផ្គើនគ្នារវាងអាមេរិក (និងសម្ព័ន្ធមិត្ត) ជាមួយរុស្ស៉ី។ ការផ្គើននេះហើយ ដែលធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រួយបារម្ភពីសង្គ្រាមនុយក្លេអ៊ែរ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ការផ្គើនគ្នានេះ គឺជាគ្រោះថ្នាក់ ដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា អាចឈានដល់មាត់ជ្រោះសង្គ្រាមនុយក្លេអ៊ែរថែមទៀត ឬអាវុធប្រល័យលោកនានា»

អ្នកជំនាញរូបនេះ បានលើកឡើងទៀតថា ការប្រជែងអំណាចរវាងមហាអំណាច នៅក្នុងល្បែងភូមិសាស្ត្រនយោបាយ គេឃើញថា ចាប់តាំងពីសង្គ្រាមត្រជាក់មក អំណាចប៉ូលសំខាន់ ៣គឺ សហរដ្ឋអាមេរិក សហព័ន្ធរុស្ស៉ី និងប្រទេសចិន មានទាំងអំណាចនយោបាយ និងយោធា តែងតែមានតួនាទីសំខាន់ជាងគេ នៅក្នុងកិច្ចការសណ្តាប់ធ្នាប់ពិភពលោក។ លោកបន្តថា ៣ប្រទេសនេះ តែងតែផ្លាស់ប្តូរឥរិយាបទ នៅពេលមានបញ្ហាធំៗកើតឡើង។

ការប្តូរឥរិយាបទនោះ ត្រូវបានអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ចិននិងរុស្ស៉ី តែងតែបង្ហាញការរួបរួមគ្នា នៅពេលដែលមានទំនាស់នយោបាយ មានទំនាស់ការទូតធំៗ ជាមួយនឹងសហរដ្ឋអាមេរិក។ ប្រទេសទាំងពីរនេះ តែងតែរកគ្នាហើយពឹងពាក់គ្នាទៅវិញទៅមក ជាបង្អែករបស់ខ្លួន ដែលផ្អែកទៅលើទ្រឹស្តីរបស់ចិន «សត្រូវរបស់សត្រូវ គឺជាមិត្ត» ដែលនេះចង់បង្ហាញថា ពេលមានរឿងធំៗជាមួយអាមេរិក គឺចិននិងរុស្ស៉ី ចាប់ដៃគ្នាដើម្បីតទល់ ជាមួយអាមេរិក និងណាតូជាដើម។ ឥឡូវនេះ បានបង្ហាញឥរិយាបទនេះចេញមកទៀតហើយ។

បើតាម លោកបណ្ឌិត យង់ ពៅ ដើម្បីឆ្លុះបញ្ចាំងតថភាពបច្ចុប្បន្ន គេគួរងាកមើលតួនាទីសំខាន់របស់ណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយគោលដៅសំខាន់ គឺដើម្បីទប់ទល់អតីតសហភាពសូវៀត។ ឥឡូវនេះ ណាតូ ដូចបង្កើតកម្មវត្ថុមួយទៀ គឺទប់ទល់ចិនផងដែរ។ អញ្ចឹងហើយ បានជាចិនងាកទៅចាប់ដៃជាមួយរុស្ស៉ី ដើម្បីទប់ទល់គ្នា ដែលអ្នកទាំងពីរយល់ថា មានសត្រូវយុទ្ធសាស្ត្រជាមួយគ្នា នៅក្នុងបញ្ហាសណ្តាប់ធ្នាប់ពិភពលោក។

លោកបណ្ឌិត យង់ ពៅ បានបន្តថា ការដឹកនាំគ្រប់គ្រងពិភពលោកនេះ ក្រោយសង្គ្រាមត្រជាក់ ពោលគឺក្រោយផ្តួលដៃគូបានជោគជ័យ គឺសូវៀត នៅឆ្នាំ១៩៩១ សហរដ្ឋអាមេរិក ដឹកនាំសណ្តាប់ធ្នាប់ពិភពលោកតែម្នាក់ឯង។ ឥឡូវនេះ សណ្តាប់ធ្នាប់ពិភពលោកមិនដឹកនាំទៀតទេ គឺមានប៉ូលសំខាន់ៗលេចឡើង ជាពិសេសគឺប៉ូលចិនតែម្តង។ នៅក្នុងដំណាក់កាលថ្មីនេះ សហរដ្ឋអាមេរិក ក៏ត្រូវរកឱកាសដើម្បីផ្តួលដៃគូ គឺចិន និងផ្តួលដៃគូរបស់ចិន គឺរុស្ស៉ីនេះឯង។ បើសិក្សាតាមប្រព័ន្ធភូមិសាស្ត្រនយោបាយ ទើបមើលដឹងថា សង្គ្រាមរវាងរុស្ស៉ីនិងអ៊ុយក្រែន វាជាប់ពាក់ព័ន្ធយ៉ាងម៉េចលើប្រទេសទាំងបី។

លោក ស៉ី ជិនពីង ប្រធានាធិបតីចិន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូនៃប្រទេសរុស្ស៉ី សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប ៣ថ្ងៃ និងជួបជាមួយលោក ពូទីន ដើម្បីនិយាយពីផែនការសន្តិភាព។

ចំពោះទស្សនកិច្ចនេះ សហរដ្ឋអាមេរិក បាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ និយាយថា ខ្លួនមើលមិនឃើញនោះទេថាចិនអាចនឹងដើរតួនាទីជាអ្នកសម្រុះសម្រួលដោយអព្យាក្រឹតរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ នៅក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ដែលនេះជាការរិះគន់ដោយផ្ទាល់ដំបូងបំផុតរបស់សហរដ្ឋអាមេរិកចំពោះចិន ដែលកំពុងព្យាយាមលើកកម្ពស់តួនាទីជាអ្នកស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម។

សម្រាប់លោកបណ្ឌិត យង់ ពៅ លោកបានមើលឃើញពីតម្លៃចិន នៅក្នុងជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន ជាពិសេសសំណើ ១២ចំណុច ដែលផ្តើមដោយប្រធានាធិបតីចិន។

លោកបណ្ឌិតថ្លែងថា «ចង់ឬមិនចង់ ខ្ញុំយល់ឃើញថា ចិនមានតួនាទីសំខាន់ក្នុងសង្គ្រាមរុស្ស៉ីនិងអ៊ុយក្រែន។ ប្រសិនបើមិនទទួលស្គាល់តួនាទីចិនទេ ពិភពលោកនឹងខាតបង់ ព្រោះសហរដ្ឋអាមេរិក និងបស្ចឹមលោក មិនអាចនិយាយជាមួយពូទីន បានទេ។ អញ្ចឹង អ្នកដែលអាចជជែកជាមួយពូទីន និងមានទម្ងន់ធ្ងន់ គឺចិន ដែលដឹកនាំដោយ ស៉ី ជីនពីង។ អញ្ចឹង គួរតែសាកល្បងទទួលយកផែនការ ១២ចំណុច របស់ចិន នៅចំណុចណាដែលល្អ ទទួលយក»។

លោកបណ្ឌិតបន្ថែមថា បើអាមេរិកចោទថា សំណើ ១២ចំណុចរបស់ចិនមិនឯករាជ្យ ដោយចូលដៃចូលជើងជាមួយ ពូទីន នៅក្នុងកិច្ចការសង្គ្រាម គេក៏អាចចោទសួរវិញថា ចុះករណីណាតូ បស្ចឹមលោក និងសហរដ្ឋអាមេរិក ដែលតែងតែផ្តល់សព្វាវុធជាច្រើនដល់អ៊ុយក្រែន ជាការចិញ្ចឹមសង្គ្រាម ឬដើម្បីបញ្ចប់សង្គ្រាម។ ជាយោបល់លោក នេះជាការអូសសង្គ្រាមឲ្យវែងអន្លាយ ហើយអ្នកដែលរងគ្រោះពិតប្រាកដ គឺប្រជាជនអ៊ុយក្រែន។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងដែរថា សហរដ្ឋអាមេរិក និងសម្ព័ន្ធណាតូ មើលមកចិនមិនមែនក្នុងទំនាក់ទំនងប្រក្រតីទេ គឺមើលក្នុងទំនាក់ទំនងយុទ្ធភូមិសាស្ត្រ ក្នុងការប្រជែងអំណាចគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោក។ ការមើលបែបនេះ គឺជាច្បាស់ជាមានបុរេវិនិច្ឆ័យទុកជាមុនហើយ គឺមិនទទួលយកយន្តការ ១២ចំណុច របស់ចិនទេ។ នេះគេហៅថា ជាការរើសអើងគ្នាតាមរយៈការប្រជែងក្នុងយុទ្ធភូមិសាស្ត្រនយោបាយ ឆ្ពោះទៅរកការគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោក ប៉ុន្តែសម័យនេះការគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោក តែម្នាក់ឯងមិនអាចទៅរួចទេ។

សូមជម្រាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសចិន បានប្រកាសពីគោល​ជំហរ​របស់ចិន អំពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ ដែលមាន ១២ចំណុច រួមមាន៖ ទី១៖ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា ទី២៖ បោះចោលគំនិត​សង្គ្រាម​ត្រជាក់ ទី៣៖ ឈប់បាញ់គ្នា ទី៤៖ ចាប់ដំណើរការចរចាសន្តិភាព ទី៥៖ ដោះស្រាយវិបត្តិមនុស្សធម៌ ទី៦៖ ការពារជនស៊ីវិលនិងអ្នកទោសសង្រ្គាម ទី៧៖ គាំពារសុវត្ថិភាពនៃរោងចក្រផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរ ទី៨៖ កាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ទី៩៖ ធានាការនាំចេញស្បៀងអាហារ ទី១០៖ បញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី ទី១១៖ ធានាស្ថិរភាពនៃខ្សែ​សង្វាក់​ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និងទី១២៖ ជំរុញការកសាងឡើងវិញក្រោយពីសង្គ្រាម៕