(ភ្នំពេញ)៖ ក្រោយបានមើលឃើញអំពីការខ្វះខាត និងការបិណ្ឌបាតសុំឲ្យជួយចូលរួមកសាងវត្តពីសំណាក់ព្រះគ្រូសច្ចៈកល្យាណា សេន នរ៉ា ចៅអធិការវត្តពន្លឺពេជ្រគីរីរាមភ្នំក្រឡាញ់រួចមក, នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និងភរិយា បានចូលរួមបច្ច័យម្រាប់ការកសាងវត្តដ៏កម្សត់មួយនេះចំនួន ២លានរៀល តាមរយៈអង្គភាពព័ត៌ Fresh News។

លោក ក្រូច វណ្ណា ភ្នាក់ងារសារព័ត៌មាន Fresh News នឹងនាំយកថវិការបស់លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និងភរិយា ទៅប្រគេនព្រះសង្ឃវវត្តពន្លឺពេជ្រគីរីរាមភ្នំក្រឡាញ់ដោយផ្ទាល់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ទន្ទឹមនឹងនេះ លោកក៏នៅតែរង់ចាំទទួលយកបច្ច័យពីសប្បុរជននានាដែលមានបំណងចូលរួមក្នុងការកសាងវត្តក្រីក្រស្ថិតនៅតំបន់ដាច់ត្រយាលមួយនេះផងដែរ។

សូមបញ្ជាក់ថា វត្ត «ពន្លឺពេ១ជ្រគីរីរាមភ្នំក្រឡាញ់» មានទីតាំងក្នុងភូមិសោបលើ ឃុំសោបលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាវត្តមួយក្សត់បំផុត និងស្ថិតនៅឆ្ងាយពីភូមិឋានអ្នកស្រុកថែមទៀតផង។ វត្តនេះបានកកើតឡើងជាង ២០ឆ្នាំមកហើយ ប៉ុន្តែមានការខ្វះខាតសព្វគ្រប់តែម្ដង សព្វថ្ងៃពុំមានព្រះវិហារ កុដិសម្រាប់ព្រះសង្ឃគង់នៅ គ្មានសាលាឆាន់ ឬសាលាធម្មសភាឡើយ សូម្បីតែស្លាបព្រាចានឆ្នាំង សម្រាប់តម្កល់ទុកនៅក្នុងវត្តក៏គ្មានផង។

ចាប់តាំងពីការបង្កើតវត្តរហូតមកដល់ពេលបច្ចប្បន្ននេះ មានព្រះចៅអធិការគង់នៅចំនួន៥អង្គមកហើយ ប៉ុន្តែព្រះចៅអធិការ៤អង្គមុនៗ ពុំមានលទ្ធភាពកសាងវត្តឲ្យបានចេញជាសមិទ្ធិផលដុំកំភួននោះឡើយ និងបានចាកចេញ ទៅគង់នៅវត្តផ្សេងជាបន្តបន្ទាប់ព្រោះតែទ្រាំ និងការខ្វះខាតគ្រប់បែបយ៉ាងមិនបាន។

លុះមកដល់ព្រះគ្រូនាមសច្ចៈកល្យាណា សេន នរ៉ា ដែលជាចៅអធិការវត្តទី៥ ហាក់មានសមត្ថភាពលេចធ្លោជាងគេ ព្រោះតែព្រះអង្គចេះមន្តអាគមន៍ខ្លាំងពូកែ។ ព្រះអង្គចេះមើលជម្ងឺផ្សេងៗ ចេះដោះអំពើជាដើម ដែលបានធ្វើឲ្យ អ្នកស្រុកជិតឆ្ងាយមានជំនឿ ហើយបានចូលរួមកសាងវត្តជាមួយព្រះអង្គតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

យោងតាមគណៈកម្មការអាចារ្យវត្តបានប្រាប់អង្គភាពព័ត៌មាន Fresh News ថា រយៈពេល២ឆ្នាំដែលព្រះគូសច្ចៈកល្យាណា សេន នរ៉ា ទៅគង់នៅវត្តពន្លឺពេជ្រគីរីរាមភ្នំក្រឡាញ់នេះ ដោយមានការជួយជ្រោមជ្រែងពីពុទ្ធបរស័ទ ជិតឆ្ងាយក្នុងនិងក្រៅប្រទេស។

ព្រះអង្គបានកសាងផ្លូវបេតុងឡើងទៅកាន់វត្ត កសាងព្រះពុទ្ធបដិមា១០៩អង្គ និងរូបសំណាកផ្សេងទៀត ហើយក៏បានបន្តកសាងសាលាធម្មសភាពីព្រះចៅអធិការមុនៗផងដែរ ប៉ុន្តែព្រោះតែការខ្វះខាតទើបព្រះអង្គ សុំបិណ្ឌបាត្រការជួយជ្រោមជ្រែងពីព្រះសង្ឃតាមទីវត្តអារាមនានា និងសប្បុរសជនទាំងឡាយនៅទូទាំងប្រទេ និងក្រៅប្រទេស ជាពិសេសប្រមុខរដ្ឋាភិបាលផងដែរ។

គណៈកម្មការអាចារ្យវត្តបានប្រាប់បន្តទៀតថា នៅថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ព្រះគ្រូចៅអធិការរួមជាមួយគណៈកម្មការអាចារ្យវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាធ្វើបុណ្យពុទ្ធាភិសេកព្រះបដិមា ព្រះសម្មាសម្ពុទ្ធ ១០៩អង្គ កាន់អង្គឆ្លងដើមពោធិ៍ទាំង៩ និងសមិទ្ធិផលផ្សេងៗក្នុងវត្ត។

ទន្ទឹមនិងនេះព្រះអង្គ ក៏បានជូនដំណឹង និងអញ្ជើញពុទ្ធបរិស័ទព្រមទាំងសប្បុរសជននានា រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អញ្ជើញចូលរួមចសប់មគ្គផលទៅតាមសទ្ធាជ្រះថ្លានៅក្នុងពិធីបុណ្យខាងលើនេះ៕