(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យធ្វើបច្ចុប្បន្នភាព សារធាតុគីមីថ្មីៗមួយចំនួន ដែលអាចយកទៅកែច្នៃផលិតជាសារធាតុញៀន ដើម្បីស្នើសុំបញ្ជូលក្នុងតារាងឧបសម្ព័ន្ធ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នា ជាមួយឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨។

សម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកឲ្យសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំឲ្យមានយន្តការគ្រប់គ្រងត្រួតពិនិត្យការនាំចូល ចែកចាយ ស្តុកទុក និងប្រើប្រាស់សារធាតុគីមីថ្មីៗ និងសារធាតុគីមីផ្សំគ្រឿងញៀនឲ្យបានច្បាស់លាស់ ហ្មត់ចត់ មានតម្លាភាព សំដៅធានាបានថា មិនឲ្យសារធាតុគីមីទាំងនោះធ្លាក់ក្នុងដៃ ឧក្រិដ្ឋជន ឬ/និងមិនត្រូវបានគេលួចបង្វែរពីការប្រើប្រាស់ស្របច្បាប់ យកទៅកែច្នៃផលិតជាសារធាតុញៀនសំយោគខុសច្បាប់។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យបន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាល ទន្ទឹមនិងវិធានការច្បាប់ ប្រកបភាពបត់បែនរស់រវើក និងម៉ឺងម៉ាត់បំផុត ប្រើប្រាស់គ្រប់មធ្យោបាយគ្រប់រូបភាពស្របតាមច្បាប់ ឲ្យបានជាប់ជាប្រចាំ ដោយត្រូវបន្តធ្វើការតាមដាន ស្រាវជ្រាវស៊ើបអង្កេត នៅតាមភូមិសាស្រ្ត ដែលមានតម្រុយ និងសង្ស័យពាក់ព័ន្ធ ដល់ការលួចលាក់រក្សាទុក សារធាតុគីមីផ្សំ ឬការកែច្នៃផលិតសារធាតុញៀន ដោយខុសច្បាប់ដើម្បីចាត់វិធានការបង្រ្កាបឲ្យបានទាន់ពេលវេលា។

សម្ដេចបានណែនាំត្រូវបន្តខិតខំប្រឹងប្រែងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យកាន់តែក្តៅគគុក និងហ្មត់ចត់ថែមទៀតរាល់សកម្មភាព នៃការលួចធ្វើចរាចរ ដឹកជញ្ជូន នាំចូលសារធាតុញៀនគ្រប់ប្រភេទ ពីក្រៅប្រទេសឆ្លងកាត់ព្រំដែន ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមកញ្ចប់បញ្ញើប្រៃសណីយ៍។

ក្នុងនាមគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ របស់រាជរដ្ឋាភិបាល សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យបន្តផ្តោតការយកចិត្តទុកដាក់ចាត់តាំងអនុវត្តឲ្យកាន់តែខ្លាំងក្លាថែមទៀត នូវបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹង វិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព និងចាត់តាំងអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ឲ្យបានម៉ឺងម៉ាត់បំផុត។

សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែទូលំទូលាយស៊ីជម្រៅជាងមុន ចំគោលដៅ ចំមុខសញ្ញា និងមានខ្លឹមសារគ្របដណ្តប់ ដល់ចិត្តសាស្រ្ត នៃអ្នកញៀនគ្រឿងញៀនដោយត្រូវពង្រីកសកម្មភាពតាម គ្រប់មធ្យោបាយ គ្រប់រូបភាព និងគ្រប់ទីកន្លែងឲ្យបានសស្រាក់សស្រាំ ជាពិសេស បំផុសឲ្យមានការផ្សព្វផ្សាយនៅ តាមក្រសួង ស្ថាប័ន អង្គភាព កងកម្លាំងគ្រប់ប្រភេទ ក្រុមហ៊ុន រោងចក្រ សិប្បកម្ម អាជីវកម្ម៕