(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងមុខងារសាធារណៈ។

ពិធីបិទសន្និបាតនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន និងរាជធានី ខេត្ត អនុប្រធាន និងសមាជិក គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងអស់លោក លោកស្រី ជាទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអង្គភាពក្រោមឱវាទ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ដោយផ្ទាល់និងតាមអនឡាញសរុបចំនួនជិត៨០០នាក់។

បន្ទាប់ពីលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានឡើងថ្លែងរបាយការណ៍បូកសរុបពីលទ្ធផលអង្គសន្និបាតដែលបានប្រព្រឹត្តទៅអស់រយៈពេល១ថ្ងៃកន្លះរួចមក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងមតិកោតសរសើចំពោះសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងមុខងារសាធារណៈនៅក្នុងរយៈពេល៥ឆ្នាំមកនេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោករដ្ឋមន្ត្រី ព្រុំ សុខា និងលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ ដែលបានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព។ ជាពិសេសការធ្វើទំនើបកម្មប្រកបដោយនវានុវត្តន៍ និងផ្អែកលើធនធានមន្ត្រីដែលមានស្រាប់ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងគ្រប់គ្រងបៀវត្ស (HRMIS) ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល Smart Card និងប្រព័ន្ធ MCS Mobile App ដើម្បីរួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថល។

ទោះជាយ៉ាងណាក្តី នៅក្នុងបរិការណ៍ដែលពោរពេញទៅដោយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជានាបច្ចុប្បន្ន និងទៅអនាគត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព សម្រាប់ការកែទម្រង់ និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា សំដៅបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក លោកអគ្គបណ្ឌិតសភាចារ្យបានលើកទឹកចិត្តឱ្យក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បន្តអនុវត្តការងារកែទម្រង់របស់ខ្លួន ក្នុងវិស័យមុខងារសាធារណៈប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លើមូលដ្ឋាននេះ ដើម្បីជាការចូលរួមក្នុងការកំណត់ទិសដៅការងារបន្តទៅមុខ ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង និង លទ្ធផលនៃអង្គសន្និបាត, លោកអគ្គបណ្ឌិតសភាចារ្យក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ជូនក្រសួងមុខងារសាធារណៈ និង គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈដូចខាងក្រោម៖

ទី១៖ រៀបចំធ្វើវិសោធនកម្ម ឬ តាក់តែងឡើងវិញ នូវច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តី រាជការស៊ីវិល ដែលត្រូវបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ ១៩៩៤ ដើម្បីឱ្យមានសង្គតិភាពជាមួយលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និង ពង្រឹងការគ្រប់គ្រងវិស័យមុខងារសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព។

ទី២៖ រៀបចំឱ្យបានរួចរាល់ នូវសេចក្តីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ២០២៣-២០៣៥ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលអនុម័ត ព្រមទាំងជំរុញការដាក់ឱ្យអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ជាដំណាក់កាលៗ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ទី៣៖ ជំរុញការពិគ្រោះយោបល់ រៀបចំព្រះរាជក្រឹត្យ ស្តីពីការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានានូវតម្លាភាព, គណនេយ្យភាព និង គុណាធិបតេយ្យ។

ទី៤៖ លើកកម្ពស់សមត្ថភាពមន្រ្តីរាជការស៊ីវិល ឱ្យកាន់តែទូលំទូលាយ, ជាពិសេសសម្រាប់មន្រ្តីជាន់ខ្ពស់ និង មន្ត្រីមានតួនាទីដឹកនាំ និង គ្រប់គ្រងអង្គភាព នៅថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបន្តលើកកម្ពស់គុណភាព និង សមត្ថភាពបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល, ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានា និង ការបង្កើនវគ្គបណ្តុះបណ្តាលខ្លី ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្រសួង-ស្ថាប័ន, ការសិក្សាស្រាវជ្រាវចងក្រងករណីសិក្សា និង ការរៀបចំវេទិកាផ្លាស់ប្តូរ ចំណេះដឹង, បទពិសោធន៍, ឧត្តមានុវត្តន៍ និង នវានុវត្តន៍ ក្នុងវិស័យសាធារណៈ។

ទី៥៖ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មន្ត្រីសាធារណៈ, ជាពិសេស អធិការកិច្ចមុខងារសាធារណៈ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ និង គោលនយោបាយ ដែលរាជរដ្ឋាភិបាលបាន និង កំពុងរៀបចំ សម្រាប់នីតិកាលថ្មី។

ទី៦៖ បង្កើនប្រសិទ្ធភាពលើការងារត្រួតពិនិត្យរដ្ឋបាល, បៀវត្ស និង ការគ្រប់គ្រងក្របខណ្ឌមន្រ្តីរាជការស៊ីវិល ព្រមទាំងបន្តផ្តល់ការគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស, ពិសេស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទី៧៖ បន្តចូលរួមកសាងរដ្ឋាភិបាលឌីជីថល តាមរយៈការលើកកម្ពស់សមត្ថភាពប្រព័ន្ធ គ្រប់គ្រងធនធានមនុស្ស តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (HRMIS) ដើម្បីគាំទ្រការគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ ឱ្យបានកាន់តែប្រសើរ។

ទី៨៖ បន្តយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់មន្រ្តីរាជការតាមរយៈការកសាងបណ្តាញសុវត្ថិភាព ដើម្បីពង្រឹងការគាំពារសុខុមាលភាពមន្រ្តីរាជការ។

ទី៩៖ ជំរុញការសិក្សា, ការវិភាគមុខងារ និង រចនាសម្ព័ន្ធ និង បន្ទុកបុគ្គលិក នៃស្ថាប័នសាធារណៈ ហើយលើមូលដ្ឋាននេះ រៀបចំដាក់ចេញនូវក្របខណ្ឌគោល-នយោបាយ និង គោលការណ៍ណែនាំ សម្រាប់គ្រប់ក្រសួង-ស្ថាប័ន រៀបចំនូវ ចក្ខុវិស័យ និង ផែនការអភិវឌ្ឍស្ថាប័នរៀងៗខ្លួន ដើម្បីធានាប្រសិទ្ធភាព ក្នុងការ- បំពេញបេសកកម្មរបស់ខ្លួន ស្របតាមការកំណត់នៃបទប្បញ្ញត្តិជាធរមាន។

ទី១០៖ ជំរុញការរៀបចំ និង ការដាក់ឱ្យអនុវត្ត ជាបណ្តើរៗ នូវប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី និង ក្នុងការផ្ដល់នូវការលើកទឹកចិត្ត ប្រកបដោយភាពសមស្រប និង សមធម៌។

ក្រោយពីការថ្លែងមតិរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមក អគ្គបណ្ឌិតសភាចារ្យក៏បានបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការក្រសួងមុខងារសាធារណៈផងដែរ៕