(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងថា សហរដ្ឋអាមេរិក ជាក្បាលរថភ្លើងសេដ្ឋកិច្ចសកល ដូច្នេះសូមកុំបន់ស្រន់ឲ្យសេដ្ឋកិច្ចអាមេរិកចុះខ្សោយ ព្រោះថាសេដ្ឋកិច្ចអាមេរិកលូតលាស់ល្អ គឺល្អសម្រាប់ពិភពលោករាប់ទាំងកម្ពុជាផងដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សរុបជិត៥ពាន់នាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ពិភពលោក អ្នកណាក៏អាចដឹងបាន, សហរដ្ឋអាមេរិក គឺជាក្បាលរថភ្លើងកំណើនសេដ្ឋកិច្ចសកល។ កុំបន់ស្រន់ឲ្យអាមេរិកចុះខ្សោយ បើបន់ស្រន់ឲ្យអាមេរិកចុះខ្សោយ យើងឃើញហើយវិបត្ដិសេដ្ឋកិច្ច ឆ្នាំ២០០៨ ចាប់ផ្ដើមពីការដួលរលំធនាគារអាមេរិក រហូតដល់ឈានទៅវិបត្ដិនៅអ៉ឺរ៉ុប»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «សូមកុំបន់ស្រន់ឲ្យអាមេរិកចុះខ្សោយ ត្រូវឲ្យសេដ្ឋកិច្ចអាមេរិកលូតលាស់ គឺល្អសម្រាប់ពិភពលោករាប់ទាំងកម្ពុជា ទទួលផលពីការរីកលូតលាស់ នៃសេដ្ឋកិច្ចរបស់អាមេរិក ឬក៏សេដ្ឋកិច្ចប្រទេសដទៃ»

បន្ថែមពីនោះទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រីក៏បានស្នើកុំឲ្យប្រកួតប្រជែង ដើម្បីសម្លាប់គ្នា ប៉ុន្តែត្រូវប្រកួតប្រជែងឆ្ពោះ ទៅការរីកចម្រើនទាំងអស់គ្នា ព្រោះថានៅពេលប្រទេសណាមួយ ជួបនូវបញ្ហាដួលរំលំសេដ្ឋកិច្ច នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសដទៃ នៅលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ប្រទេសទាំងអស់នៅលើពិភពលោក សូមកុំឲ្យប្រទេសណាមួយមានបញ្ហា ហើយសូមកុំបន់ស្រន់ឲ្យប្រទេសណាមួយ ស្លាប់សេដ្ឋកិច្ច ព្រោះថា វាគ្រោះថ្នាក់ដល់ខ្លួនយើងវិញទេ»

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អាមេរិក និងអ៉ឺរ៉ុប ជាទីផ្សាររបស់កម្ពុជា បើអាមេរិក និងអ៉ឺរ៉ុប មានសេដ្ឋកិច្ចធ្លាក់ចុះ នឹងនាំទៅដល់ការបញ្ហាទិញ ព្រោះថា កម្ពុជានាំចេញទៅអាមេរិក និងអ៉ឺរ៉ុបច្រើន សូម្បីតែអង្ករក៏នាំចូលទៅទីផ្សារអ៉ឺរ៉ុបខ្លាំងដែរ ព្រោះថា អ៉ឺរ៉ុបពេញចិត្ដអង្ករកម្ពុជា ដោយសារអង្ករកម្ពុជា គឺជាអង្ករសិរីរាង្គ ដែលត្រូវស្ដង់ដារអ៉ឺរ៉ុបប្រើប្រាស់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាមិនចូលរួមក្នុងចលនាផ្តួលរលំសេដ្ឋកិច្ច ប្រទេសណាមួយនោះឡើយ ដោយសារកម្ពុជាចង់ឲ្យពិភពលោកដែលសុខសាន្ត គឺពិភពលោកដែលរីកចម្រើនទាំងអស់គ្នា។

ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុ​ន សែន ក៏បានបន្ដអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំមានការភ័យស្លន់ស្លោ រឿងធនាគារពាណិជ្ជចំនួន២ របស់អាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ។

សូមជម្រាបថា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ អាមេរិក គឺជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញច្រើនជាង ដោយសម្រេចបានជាងជិត ៩ពាន់លានដុល្លារ។

សម្រាប់រយៈពេល២ខែដំបូងឆ្នាំ២០២៣នេះ ​កម្ពុជានាំចេញទំនិញ​ក្នុងតម្លៃជាង ៣.២ពាន់លានដុល្លារ ថយចុះ ៨.៦% ក្នុងនោះនាំចេញទៅអាមេរិក កម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង១.១ពាន់លានដុល្លារ ថយចុះ ២០.២%៕